ឈរលើទស្សនវិស័យ​ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតដើម្បីសម្រេចបាននូវចក្ខុវិស័យ ឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ  ខេត្តរតនគីរីមានក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ច ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋា ភិបាលមានចំនួន ២៧ក្រុមហ៊ុន មានផ្ទៃដីសរុបចំនួន ១២ម៉ឺន៤.ពាន់៦រយ៦៩ហិចតា បានអនុវត្តការដាំដុះដំណាំ កៅស៊ូ ស្វាយចន្ទី ចេកអំបូងលឿង ស្រកានាគ ដូង ស្វាយ និងប្រភេទ​ឈើហូបផ្លែផ្សេងៗទៀត មានធុរេន តាង៉ែន មៀន ក្រូច និងម្នាស់ជាដើម  ដោយ បានធ្វើការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៨ម៉ឺន៧ពាន់.៦រយ០៤តោន គិតជាទឹកប្រាក់ប្រមាណជិត ៣៧លានដុល្លារ  ជាមួយគ្នានេះដែរនៅក្នុងខេត្តក៍មានរោងចក្រកែច្នៃកៅស៊ូក្រែបចំនួន ០៧ទីតាំង និងសិប្បកម្មកៅស៊ូសន្លឹកមាន ០៩ទីតាំង រោងចក្រកែច្នៃដំឡូងមី ០១ទីតាំង កំពុងកែច្នៃជាផលិតផលពាក់កណ្តាល​សម្រេចដើម្បីនាំចេញផងដែរ។

នេះបើយោតាមការបញ្ជាក់ពី ឯកឧត្តម ថង​ សាវុន  អភិបាលខេត្ដរតនគីរី បានលើកឡើងនៅក្នុងសន្និសិទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តរតនគីរី»ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២០ នៅទីស្ដីការគណរដ្ឋមន្រ្ដី។

ឯកឧត្តម  អភិបាលខេត្ដភាគឦសាន្ត នៃព្រះរាជាណាចក្រកម្ពុជា ក៍បានបញ្ជាក់បន្ថែមថាដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍រីកចំរើន ពិសេសកំណើននៃប្រជាពលរដ្ឋ មន្ទីរដែនដីបានបែងចែកក្រុមការងារជា០៣ក្រុម ដើម្បីចុះវាស់វែងកំណត់ក្បាលដី ដើម្បីរៀបចំចុះបញ្ជី និងបានចេញវិញ្ញាបនបត្របានចំនួន០៦ភូមិ ស្មើនឹង ៣.៥៧២ប័ណ្ណ ប្រកាសតំបន់វិនិច្ឆ័យ ០៩ភូមិ ចែកវិញ្ញាបនបត្របានចំនួន​ ១.៩៣០ប័ណ្ណ វាស់វែងកំណត់ព្រំបាន ៦.៣៣២ក្បាលដី បញ្ចប់ការបិទផ្សាយជាសាធារណៈចំនួន ០៨ភូមិ និងប្រមូលទិន្នន័យបានចំនួន ៥.៨៧៨ក្បាលដី ចុះបញ្ជីក្រុមហ៊ុនវិនិយោគជាលក្ខណៈឯកជនរបស់រដ្ឋ សម្រេចបាន ១៩ក្រុមហ៊ុន  ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចបានចំនួន ១៧សហគមន៍  ហើយបច្ចុប្ប្នន្នខេត្តបាន កសាងប្លង់គោលប្រើប្រាស់ដីបាន ០១ក្រុង ក្នុងនោះដែរក៍ករណីបណ្តឹងពាក់ព័ន្ធបញ្ហាដីធ្លីចំនួន ៤៦ករណី ដោយរដ្ឋបាលខេត្តបានជួយ សម្របសម្រួលបញ្ចប់​ បានចំនួប៣០ករណីផងដែរ៕