(ក្រចេះ)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ សហការជាមួយការិយាល័យគ្រឿងញៀនខេត្ត ក្រោមបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ក្រោមការសម្រប សម្រួលពីលោក កែវ សុជា​តិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាព្រលប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងគ្រឿងញៀនចំនួន១១កញ្ចប់ (ជិត១គីឡូក្រាម) នៅភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក អេង ហឿន អធិការនគរបាលក្រុងក្រចេះ បានបញ្ជាក់ប្រាប់ ឱ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០​នេះថា ជនសង្ស័យឈ្មោះ ឈាវ សុនា ជាមុខសញ្ញាចាស់ដែលកម្លាំងនគរបាលក្រុងតាមចាប់។ លុះដល់ថ្ងៃម្សិលមិញ កម្លាំងរបស់លោកបានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឃាត់ខ្លួន ព្រមទាំងបក្ខពួកសរុប៣នាក់រួមមាន៖

*ទី១៖ ឈ្មោះ ឈាវ ស៊ីណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី២៖ ឈ្មោះ ហ៊ួន ប៊ុនធិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង២មានទីលំនៅ ភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ
*ទី៣៖ ឈ្មោះ ម៉ាន វ៉ា អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

កម្លាំងនគរបាល ក៏បានដកហូតវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមពណ៌ស (សង្ស័យជាគ្រឿងញៀន) ចំនួន ១១កញ្ចប់ (ធំ០៩កញ្ចប់, តូច០២កញ្ចប់) ជិត១គីឡូក្រាម, ថ្នាំគ្រាប់ (សង្ស័យជាគ្រឿងញៀន) ចំនួន ១៦៩គ្រាប់ (ពណ៌ផ្កាឈូក ចំនួន១៦៨គ្រាប់ ពណ៌ខៀវ ចំនួន០១គ្រាប់), ជញ្ចីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង, ទុយោសម្រាប់ចូករំលែកគ្រឿងញន ចំនួន០២, ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕