(ភ្នំពេញ)៖ ស្រ្តីម្នាក់ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅមកសួរនាំ និងឲ្យចេញវីដេអូសុំទោសជាសាធារណៈ ក្រោយស្រ្តីរូបនេះបានបង្ហោះវីដេអូជេរប្រមាថ សមត្ថកិច្ចតាមបណ្តាញសង្គម Facebook។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះថា ស្ត្រីរូបនេះមានឈ្មោះ ធីតា ដែលបានផុស ជេរប្រមាថ មើលងាយសមត្ថកិច្ចលើប្រព័ន្ធបណ្តាញសង្គមហ្វេសបុក។

លោកបានបញ្ជាក់ថា៖  «នៅថ្ងៃអាទិត្យនេះ ស្ត្រីម្នាក់ឈ្មោះ គេន ធីតា មុខរបរមេផ្ទះ ដែលមានគណនី Facebook ឈ្មោះ «Ah Thida» បានបង្ហោះ រូបភាពជាមួយ ខ្លឹមសារប្រមាថមើលងាយ ដល់កិត្តិយស មកលើសមត្ថកិច្ចលើប្រព័ន្ធបណ្តាញសង្គម Facebook។ ដោយមានការសហការរវាង ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សជាមួយ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើ ការកោះហៅឈ្មោះ គេន ធីតា ឲ្យចូលខ្លួនមកបំភ្លឺស្ត្រីរូបនេះ បានទទួលស្គាល់នូវកំហុសរបស់ខ្លួនហើយ បានធ្វើកិច្ចសន្យាសុំទោសនិង បានថតវីដេអូធ្វើការសុំទោស ជាសារធាណៈ នូវកំហុសដែលខ្លួន បានជេរប្រមាថ មកលើសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់»

ក្នុងនាម ជាសមត្ថកិច្ច លោកសូមសំណូមពរ ដល់សាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាកុំធ្វើការសន្និដ្ឋានវាយតម្លៃចំពោះរឿងរ៉ាវ ឬហេតុការណ៍ ដែលកើតឡើងដោយ ពុំមានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ ដើម្បីចៀសវាងការវាយតម្លៃនោះ មានឥទ្ធិពលប៉ះពាល់ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ស្ថាប័នអនុវត្តច្បាប់ ឬបុគ្គល៕