(រតនគិរី)៖សមត្ថកិច្ចចម្រុះកាលពីថ្ងៃទី១១ខែកក្កដាម្សិលមិញបានចុះចាប់ឈើក្រហមចម្រុះចំនួន៣៣ដុំត្រង់ចំណុចកំពង់ចម្លងទន្លេសេសាន្តមានចំងាយពីប៉ុស្តិ៍ច្រករបៀងភូមិភិក្រោមប្រមាណ៣០០ម៉ែត្រស្ថិតក្នុងភូមិបា​ដល​​ឃុំសេសាន្តស្រុកអូរយ៉ាដាវខេត្តរតនគិរី។

សមត្ថកិច្ចចម្រុះរួមមានមន្ត្រីបរិស្ថាន,កម្លាំងនគរបាលស្រុកអូរយ៉ាដាវ,កម្លាំងវរការពារព្រំដែនគោក​លេខ៦២៣​និង​កម្លាំអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ។លោកវរសេនីយ៍ត្រីសុខ មីនមេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវបានប្រាប់ភ្នាក់ងារ ភ្នាក់ងារទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ 8 HDនៅរសៀលថ្ងៃទី១២ខែកក្កដាឆ្នាំ២០២០​នេះថា ប្រតិបត្តិការខាងលើនេះមានការចង្អុលបង្ហាញពី ឯកឧត្តម ថង សាវុនអភិបាលខេត្តរតនគិរីនិង លោកឧត្តមសេនីយ៍ត្រីថាវយ៉េនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោយិនចំណានស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោកងិន ពេជព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។

លោកវរសេនីយ៍មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវប្រាប់បន្តថា មុននឹងឈានដល់ការបង្ក្រាបគឺកម្លាំង​យើងបានប្រើប្រាស់មធ្យោបាយកាណូតចុះល្បាតរុករកស្រាវជ្រាវក្នុងទន្លេសេសាន្តក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវក៏ប្រទះឃើញឈើដែលក្រុមឈ្មួញគរលក់ទុកក្នុងទន្លេធ្វើការរឹបអូសជាក់ស្តែងតែម្តង។

ចំនួនឈើក្រហមចម្រុះចំនួន៣៣នេះមិនទាន់វាស់វែងដឹងចំនួនម៉ែត្រគូបនៅឡើយទេ។លោកវរសេនីយ៍ត្រីសុខ មីនបញ្ជាក់ឲ្យដឹងទៀតថាដោយសារទីតាំងភូមិសាស្ត្រខាងលើអំណោយផលសម្រាប់ឈ្មួញឈើខ្មែរនិង​វៀតណាម​ជារឿយៗតែងតែលួចដឹកឈើចេញទៅវៀតណាមនោះលោកម៉ា វិចិត្រប្រធានគណបញ្ជាការឯកភាពស្រុកអូរយ៉ាដាវបានយកកម្លាំងមួយទៅដាក់ប្រចាំការ២៤លើ២៤ម៉ោងដើម្បីមានបទល្មើសបន្តទៀត។

បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានប្រគល់មន្ត្រីបរិស្ថានយកទៅរក្សាទុកដើម្បីចាត់ចែងតាមច្បាប់។ប្រភពព័ត៌មានដោយឡែកទៀតបានបង្ហើបប្រាប់ភ្នាក់ងារ ទូរទស្សន៍ កម្ពុជាប៉ុស្តិ៍លេខ 8hd ថាជំនួញឈើខាងលើនេះប្រព្រឹត្តទៅដោយរលួននោះដោយសារតែឈ្មួញវៀតណាមផ្តល់លុយឲ្យសមត្ថកិច្ចខិលខូចមួយចំនួនដែលប្រចាំការនៅតាមប៉ុស្តិ៍ច្រករបៀង,ហើយមានមេប៉ុស្តិ៍ច្រករបៀងខ្លះឲ្យវៀតណាមចូលមកស្នាក់នៅរងចាំទិញឈើទៀតផង៕