(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានថ្លែងបញ្ជាក់ថា នៅថ្ងៃម្សិលមិញសម្តេចទើបបានបដិសេធសំណើរបស់ក្រុមហ៊ុនមួយ ដែលចង់នាំចូលជ្រូក១លានក្បាលមកកម្ពុជា ដែលការបដិសេធនេះ ត្រូវបានសម្តេចតេជោអះអាងថា ដើម្បីការពារកសិករចិញ្ចឹមក្នុងស្រុក។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ពិតមែនហើយម្សិលមិញ មានសំណើក្រុមហ៊ុនមួយ ដែល បានបញ្ជូនមកខ្ញុំ ហើយខ្ញុំចារត្រឡប់ទៅឲ្យឯកឧត្តម វេង សាខុន និងពិភាក្សាជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ អំពីការស្នើសុំនាំចូលជ្រូករស់ពីថៃ១លានក្បាល ចូលក្នុងប្រទេសកម្ពុជា ហើយអាចផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជាហើយនាំទៅវៀតណាម។ ខ្ញុំគ្រាន់តែចារទៅឲ្យអ្នកបច្ចេកទេសសិក្សាទេ ប៉ុន្តែគំនិតរបស់ខ្ញុំ គឺកុំនាំចូលពីគេហើយសម្លាប់ការចិញ្ចឹមសត្វក្នុងប្រទេសរបស់ខ្លួន។ ខ្ញុំមិនយល់ស្របទេ»

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើសម្តេចយល់ព្រមឲ្យមានការនាំចូលជ្រូក១លានក្បាលនេះ ស្មើនឹងសម្តេចសម្លាប់កសិកររបស់ខ្លួន ដែលកំពុងតែខិតខំចិញ្ចឹមជ្រូកយ៉ាងផុលផុស។

​​សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «បើសិនជាយើងត្រូវការនាំចូល យើងនាំចូលតែចំនួនដែលខ្វះ។ ឥឡូវយើងខ្វះ [ជ្រូក] ១៨ភាគយ បើយើងចិញ្ចឹមឲ្យគ្រប់ គឺយើងមិនចាំបាច់នាំចូលពីគេទៀតទេ ព្រោះបើទីផ្សារយើងគ្រប់ហើយ យើងចាំបាច់អីនាំចូលទៀត […] បើខ្ញុំចារយល់ព្រមឲ្យក្រុមហ៊ុននោះនាំចូលជ្រូក១លានក្បាល ច្បាស់ណាស់ខ្ញុំសម្លាប់កសិករចិញ្ចឹមជ្រូកក្នុងស្រុកខ្មែរខ្លួនឯងម្តង ក្នុងពេលដែលខ្លួនដើរប្រកាសឲ្យកសិករចិញ្ចឹមជ្រូក»

ជាមួយគ្នានេះ សម្តេចតេជោបានអំពាវនាវឲ្យដល់កសិករអ្នកចិញ្ចឹម ត្រូវខិតខំចិញ្ចឹមបំពេញតម្រូវការក្នុងប្រទេសឲ្យគ្រប់គ្រាន់ និងឈានដល់ការនាំចេញនៅពេលអនាគតផងដែរ។

ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាធ្វើឡើងក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ច នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នា២០២០។