(កំពង់ធំ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ឆ្នាំ២០២០និងទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំសាលាខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២០កន្លងទៅ ។

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន មានសាសន៍ថា ទាំងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវបន្តតាមការណែនាំនិងវិធានការនានារបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលស្តីពីការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ពិសេសនៅខេត្តកំពង់ធំ ។ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមស្មារតីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលថ្ងៃទី៣ខែកក្កដាឆ្នាំ២០២០ស្តីពីការឆ្វៀលដីគម្របព្រៃឈើឬតំបន់ការពារនិងតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋជូនប្រជាពលរដ្ឋដែលបាននិងកំពុងកាន់កាប់អាស្រ័យផលជាក់ស្តែង ។ បន្តចុះអន្តរាគមន៍ដោះស្រាយទឹក និងបូមទឹកបន្ទាន់ ដើម្បីជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋនៅតំបន់ដែលកំពុងរងផលប៉ះពាល់ដោយខ្វះទឹកខ្លាំង។

បន្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព និងតម្លាភាព។ អនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការជំរុញទប់ស្កាត់ការកាប់ទន្ទ្រានយកដីដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិតាមខេត្តនានា។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រុមការងារត្រូវខិតខំលើកកម្ពស់ការផ្តល់សេវាសាធារណៈប្រកប ដោយស្មារតីទទួលខុសត្រូវមានតម្លាភាពនិងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។ ត្រូវពង្រឹងការគ្រប់គ្រង និងការចាត់ចែងការងាររបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌឲ្យកាន់តែមានប្រសិទ្ធភាព (យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃលេខ ១៦២២ សជណ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០) ។

ឯកឧត្តម ថោង ខុន បន្តដឹកនាំកិច្បប្រជុំចង្អៀតជាមួយរដ្ឋបាលខេត្តនិងក្រសួងជំនាញពាក់ព័ន្ធ ដូចជា៖ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពិនិត្យនិងរៀបចំផែនការសកម្មភាពការងារក្នុងការអនុវត្តស្មារតីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី៣ខែកក្កដាឆ្នាំ២០២០ស្តីពីការឆ្វៀលដីគម្របព្រៃឈើឬតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋជូនប្រជាពលរដ្ឋដែលបាននិងកំពុងកាន់កាប់អាស្រ័យផលជាកស្តែង ។កិច្ចប្រជុំបានឯកភាពគ្នាប្រើប្រាស់យន្តការក្រុមការងារចម្រុះថ្នាក់ខេត្ត និងថ្នាក់ក្រសួងជំនាញ ដើម្បីដឹកនាំអនុវត្តការងារនេះ ដោយចាប់ផ្តើមចេញដំណើរពីការងារផ្នែកជំនាញរបស់ក្រសួងបរិស្ថានមុនគេ គឺការងារឆ្វៀលដីនៅតំបន់អភិរក្សសត្វខ្សឹបនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ៕