ដើម្បីពិនិត្យសកម្មភាពការងារ ផែនការអភិវឌ្ឍន៍ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម  ឆ្នាំ២០ ២៣ នៅព្រឹកថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា គណៈកម្មការជំនាញទាំង៥នេះ រួមមាន៖ គណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន,គណៈកម្មការអ្នកស្ម័គ្រចិត្រ,គណៈកម្មការវេជ្ជសាស្ត្រ និងដូភីង, គណៈកម្មការហ្គេមពត៌មានវិទ្យា និងគណៈកម្មការពិធីការ ដើម្បីឲ្យគណៈអចិន្ត្រៃយ៍ CAMSOC ផ្តល់នូវផែនការសម្រាប់ការអនុវត្ត និងភារកិច្ចចម្បងៗ មួយចំនួន។ គណៈកម្មការជំនាញទាំងនេះនឹងជួយឲ្យដំណើរការស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឲ្យមានភាពរលូន ក្នុងការគ្រប់គ្រងដឹកនាំកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការជំនាញទាំង៥ ក្នុងចំណោមគណៈកម្មការជំនាញសរុបទាំង១៤ ដែលកំពុងខិតខំធ្វើការបានមួយផ្នែកធំ និងកែសម្រួលខ្លះៗ ដើម្បីសម្រួចគោលដៅឲ្យទទួលបានជោគជ័យ នៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន ដែលដឹកនាំកិច្ចប្រជុំនាថ្ងៃនេះបានបន្ថែមទៀតថា ថ្នាក់ដឹកនាំនៃគណៈកម្មការជំនាញទាំង៥នេះបានយល់អំពីការដឹកនាំរៀបចំហ្គេមនេះ ដែលត្រូវធ្វើអ្វីខ្លះ មានចំណុចអ្វីខ្លះ ដែលជាតម្រូវ ការចំាបាច់ ឬការងារគាំទ្រ ដូច្នេះពួកគាត់បានយល់ច្បាស់ ដើម្បីរៀបចំគម្រោងនៅក្នុងគណៈកម្មការជំនាញនីមួយៗឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមលើកឡើងទៀតថា គណៈកម្មការជំនាញនានា បានចាប់ផ្តើមធ្វើការរបស់ខ្លួនជាបណ្តើរហើយ ពីពេលនេះតទៅ ពីព្រោះនៅឆ្នាំនេះ ជាគោលការណ៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានផ្តល់នូវអនុសាសន៍ឲ្យគ្រប់គណៈកម្មការជំនាញទាំងអស់រៀបរយឲ្យហើយនូវរបៀបរបបឯកសារ និងផែនការរបស់ខ្លួន ហើយគោលដៅនៅឆ្នាំ២០២១ គ្រាន់តែសម្រិតសម្រាំងនូវផែនការបន្តិចបន្តួច ដើម្បីចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២២។

ឯកឧត្តមអគ្គលេខាធិការបានឡើងឡើងនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ដោយឲ្យគណៈកម្មការបច្ចេកទេសទាំងអស់ត្រូវបញ្ចប់នូវការងារលាយលក្ខណ៍អក្សរនៃផែនការរបស់ខ្លួនឲ្យហើយ ដើម្បីជាបន្ទាត់ ឬជាត្រីវិស័យ នៅក្នុងការងារដឹកនាំគ្រប់គ្រងរបស់ខ្លួនឲ្យបានយ៉ាងហោចណាស់ចន្លោះពី៧០ទៅ ៨០% និងត្រូវបំពេញបន្ថែមនៅក្នុងឆ្នាំ២០២១ ដើម្បីបន្តអនុវត្តសកម្មភាពការងារ នៅឆ្នាំ២០២២ រហូតដល់ដើមឆ្នាម២០២៣ ដែលជាឆ្នាំត្រូវរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ តែម្តង៕