នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ រួមមាន ៖ ជនចាស់ជរាគ្មានទីពឹង , កុមារកំព្រា , ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន , អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ ចំនួន ៧៥គ្រួសារ ដែលមានទីលំនៅក្នុងសង្កាត់ទាំង១២ នៃក្រុងសៀមរាប ដែលក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម , មី១កេស , ត្រីខ១យួរ , អាវយឺត២ និងថវិកា៤ម៉ឺនរៀល រួមជាមួយនឹងព្រះតេជគុណ ឡាច លាង ព្រះអនុគណក្រុងសៀមរាប បានប្រទានបន្ថែមក្នុងមួយគ្រសារ ចាក់ស្រាក់១ និងថវិកា ១ម៉ឺនរៀល ដោយពិធីនេះរៀបចំឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាមុខនាគ ក្នុងសង្កាត់គោកចក ។

ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រោះឥទ្ធិលជំងឺកូវីដ-១៩នេះ បានបណ្ដាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ ដូច្នេះតាមរយៈនេះ បានបង្ហាញពីការយកចិត្តទុក្ខដាក់ខ្ពស់បំផុតពីសំណាក់ថ្នាក់ដឹកនាំយើង ពិសេសកាកបាទក្រហមកម្ពុជា សមពាក្យស្លោកយើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ក្នុងឱកាសនោះដែរ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ប្រធានកិត្ដិយសសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង ជាពិសេសរដូវនេះមានភ្លៀងធ្លាក់ ដូច្នេះត្រូវចុះប្រុងប្រយ័ត្នចំពោះសុខភាព ព្រោះមូលខ្លានឹងកើតឡើងច្រើន វាខាំបងប្អូនអាចបណ្ដលឱ្យកើតជំងឺគ្រុមឈាម ជាងនេះក៏ត្រូវរកទីសុវត្ថិភាពដើម្បីការពារខ្លួនពីផ្គរ-រន្ទះ ដែលអាចកើតឡើងជាយថាហេតុផងដែរ ៕