(ត្បូងឃ្មុំ)៖ គំរូបន្លែចំនួន ០៦មុខ មានខ្ទឹមបារាំង ខ្ទឹមក្រហម ខ្ទឹមស ស្ពៃបូកគោ ក្រូចឆ្មារ និងការ៉ុត ត្រូវបានមន្ត្រី ក.ប.ប ខេត្តត្បូងឃ្មុំ រួមទាំងរថយន្តពិសោធន៍ចល័ត សហការជាមួយមន្ត្រីគយខេត្ត និងមន្ត្រីនៅច្រកទ្វារព្រំដែនខេត្តត្បូងឃ្មុំ រកឃើញមានផ្ទុកសារធាតុគីមី និងចាត់វិធានការភ្លាមៗ។

ការរកឃើញ និងដកហូតនេះធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ដោយលោក មាស មោរ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(កបប) ខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រី ក.ប.បខេត្ត រួមជាមួយមន្ត្រី និងរថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប សហការជាមួយ សាខាគយ និងរដ្ឋាករខេត្ត ការិយាល័យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក មានលោក អ៊ួន សុវណ្ណារ៉ា ជាប្រធាន និងការិយាល័យគយ និងរដ្ឋាករច្រកទ្វារទ្វេភាគីដារ ក្នុងស្រុកមេមត់ មានលោក យឹម វណ្ណៈ ជាប្រធាន ចុះប្រតិបត្តិការរួមគ្នាត្រួតពិនិត្យ និងយកគំរូបន្លែនាំចូលពីប្រទេសវៀតណាមតាមច្រកព្រំដែនត្រពាំងផ្លុង និងមីកញ្ចប់ គុយទាវកញ្ចប់ និងប្រេងឆាដប នាំចូលពីប្រទេសវៀតណាមតាមច្រកព្រំដែនដារ។

បើតាមលោក មាស មោរ៉ា ប្រធានក.ប.បខេត្ត បានឲ្យដឹងថា ផ្អែកតាមសកម្មភាពជាក់ស្តែងមន្ត្រីជំនាញ បានត្រួតពិនិត្យ និងយកគំរូចំនួនៈ ១៤មុខ ដើម្បីយកមកធ្វើការវិភាគផ្ទាល់នៅព្រំដែនដោយរថយន្តមន្ទីរពិសោធន៍ចល័ត រួមមាន៖ ខ្ទឹមបារាំង ខ្ទឹមក្រហម ខ្ទឺមស ស្ពៃបូកគោក្រូចឆ្មារតូច ការ៉ុត ស្ពៃក្តោប ប៉េងប៉ោះ ម្ទេសប្លោក គុយទាវ-មីgood មីking cook និងប្រេងឆាGood Meal។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញគំរូបន្លែចំនួន ០៦មុខ រួមមានខ្ទឹមបារាំង ខ្ទឹមក្រហម ខ្ទឹមស ស្ពៃបូកគោ ក្រូចឆ្មារ និងការ៉ុត មានផ្ទុកសំណល់ថ្នាំពុលកសិកម្ម។ រីឯគំរូគុយទាវ-មីកញ្ចប់ ពុំមានវត្តមានសារធាតុគីមីប៉ូរ៉ាក់(ទឹកអន្សារ) ដោយឡែកចំពោះគំរូប្រេងឆា ពុំមានវត្តមានសារធាតុគីមី polar compound ដែលបង្កគ្រោះថ្នាក់ធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកទទួលទាននោះឡើយ។

លោក មាស មោរ៉ា បញ្ជាក់ថា ជាវិធានការ មន្ត្រីជំនាញនៃសាខា ក.ប.បខេត្ត បានផ្តល់វិធានការអោយការិយាល័យគយនិងរដ្ឋាករព្រំដែនបញ្ជូន​បន្លែដែលមានផ្ទុក​សំណល់ថ្នាំពុល​កសិកម្មត្រឡប់ទៅប្រទេសដើមវិញ ហើយក្នុងករណីមានការនាំចូលប្រភេទបន្លែ០៦មុខខាងលើ លើកក្រោយទាមទារអោយអាជីវករនាំចូលបង្ហាញ​វិញ្ញាបនបត្របញ្ជាក់ថាគ្មានសំណល់ថ្នាំពុលកសិកម្មពីមន្ត្រីមានសមត្ថកិច្ចរបស់ប្រទេសនាំចេញ បើមិនមានទេដាច់ខាតមិនអោយនាំចូលនោះឡើយ។

ជាមួយគ្នានេះ មន្ត្រីជំនាញ បានអំពាវនាវដល់អាជីវករនាំចូលបន្លែផ្លែឈើ និងម្ហូបអាហារតាមច្រកទ្វារព្រំដែន ពីប្រទេសជិតខាងចូលកម្ពុជាទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ពោលគឺត្រូវនាំចូល ចែក ចាយ និងលក់តែទំនិញ ជាផលិតផលម្ហូបអាហារណា ដែលមានគុណភាពល្អជាពិសេសហាមដាច់​ខាតមានផ្ទុកនូវ​សារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេត ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខុមាលភាព អ្នកប្រើប្រាស់ និងត្រូវទទួលទោសតាមផ្លូវច្បាប់៕