សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០បានឲ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន២៦នាក់នេះ ក្នុងនោះជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីសិក្សានៅរុស្ស៊ី និងប្រទេសអេហ្ស៉ីបចំនួន២៥នាក់ និងម្នាក់ទៀតជាបុរសជនជាតិខ្មែរមកពីប្រទេសកូរ៉េខាងត្បូង ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលរួចរាល់ហើយនៅ មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

បើតាមក្រសួងសុខាភិបាលជំងឺកូវីដ១៩ថ្មីទាំង២៦នាក់នេះ មាន២៥នាក់ធ្វើដំណើរមកពីសិក្សានៅប្រទេសរុស្ស៊ី និងអេហ្ស៊ីប តាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដោយបន្តដំណើរតាមជើងហោះហើរតាមប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ ចំណែកម្នាក់ទៀតជាបុរសជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ធ្វើដំណើរប្រទេសកូរ៉េខាងត្បូង ចូលមកកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

សម្រាប់អ្នកដំណើរដែលរួមដំណើរលើយន្តហោះទាំង២ សរុបចំនួន២២៨នាក់ផ្សេងទៀត ត្រូវបានដាក់ធ្វើចត្តាឡីស័ក ដើម្បីតាមដានបន្តទៀត។

ដោយឡែកសម្រាប់អ្នកព្យាបាលជាសះស្បើយចំនួន៤នាក់ ក្នុងនោះមាន៣នាក់ជាបរុសជនជាតិខ្មែរដែលត្រឡប់មកពីប្រទេសអារ៉ាឌីសាអូឌីត និងម្នាក់ទៀតជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី ។ អ្នកជាសះស្បើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន២លើក។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៩៧នាក់ (ស្ត្រី៤៣នាក់ និងបុរស១៥៤នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន១៤០នាក់ (ស្រី៣៩នាក់ និងបុរស១០១នាក់) ខណៈអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៥៥នាក់៖ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០៧នាក់ (ស្ត្រី ០១នាក់ និងបុរស ០៦ នាក់), នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ សរុបចំនួន៤៨នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា៖ ជាស្ត្រីជន ជាតិអាមេរិកកាំង០២នាក់។