(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ និងអនុញ្ញាតឱ្យត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេ។យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺទាំង ៤នាក់នេះរួមមាន៖

– បុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិបន្ទាយព្រៃឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី។ បុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

– បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១ សង្កាត់ច្រាំងចំរើ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
– បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិទួលទោកឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល
– បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិវិហារសម្បូរឃុំរកាពប្រាំកឃ្មុំ ខេត្តត្បូងឃ្មុំ។

អ្នកជំងឺទាំងបីខាងលើ ជាអ្នកដំណើរដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសថ្លាដ-១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាម៉េរិក និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជា មានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន ២២៥នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៧៩នាក់)។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ១៤៧នាក់ មានស្រី ៣៩នាក់ និងបុរស ១០៨នាក់។

ដោយឡែកអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៧៨នាក់ កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចំនួន ៥នាក់, នៅមណ្ឌលសុខភាពចាក់អង្រែចំនួន ៥៦នាក់ និងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺចំនួន ១៥នាក់។ រីឯអ្នកជំងឺជាស្ត្រីជនជាតិអាមេរិក ២នាក់ សម្រាក់ព្យាបាលនៅស្ថានទូតអាមេរិក៕