ខេត្តព្រះសីហនុ៖ អ្នកជំងឺចំនួន ១៤នាក់មានចាស់ក្មេងមកពីភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដែលសម្រាក​ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយមកដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះស្ថានភាពអាការៈ អ្នកជំងឺបានធូរសប្បាយហើយ រីឯសំណាកឈាមរបស់ពួកគាត់ទាំងអស់មិនទាន់បានដឹងលទ្ធផលនៅឡើយទេ រង់ចាំមន្ទីរពិសោធន៍ដើម្បីធ្វើការវិនិច្ឆ័យ។

បន្ទាប់ពីទទួលបានព័ត៌មានក្រុមសារព័ត៌មាន យើងខ្ញុំបានចុះទៅដល់មន្ទីរពេទ្យផ្ទាល់ដើម្បី ធ្វើការសាកសួរពីស្ថានភាពអាការ:អ្នកជំងឺ និងលោកគ្រូពេទ្យដែលប្រចាំការនៅមន្ទីរពេទ្យផ្ទាល់ ហើយក្នុងនោះផងដែរលោកគ្រូពេទ្យបានប្រាប់មកអ្នកសារព័ត៌មានយើងថាស្ថានភាពអ្នកជម្ងឺនាពេលបច្ចុប្បន្ននេះពួកគាត់មានស្ថានភាព ធូរស្បើយ និងកំដៅរបស់ពួកគាត់បានធ្លាក់ចុះបន្ទាប់ពីបានមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ឱកាសនោះលោកគ្រូពេទ្យបានបន្តនិងធ្វើការផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុដូចជានៅក្នុងប្រទេសកម្ពុជា​ទាំងមូល សូមនាំគ្នាប្រុងប្រយ័ត្ននៅពេលដែល មូសខ្លាញីខាំអាចបង្កឲ្យមានជំងឺគ្រុនឈីក ហើយយើងត្រូវ សម្អាតបរិស្ថានជុំវិញផ្ទះ និងកន្លែងដែលមានដក់ទឹកជាដើម។

លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានបន្ថែមប្រាប់ឲ្យដឹងថា បច្ចុប្បន្នមន្ទីរបាន​យកសំណាកឈាមរបស់ពលរដ្ឋដែលមានអាការៈក្តៅខ្លួន និងចេញកន្ទួលក្រហមទៅមន្ទីរពិសោធន៍ ហើយយ៉ាង​ណាក៏ដោយលោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ មិនទាន់សន្និដ្ឋានអំពីជំងឺអ្វីឲ្យពិតប្រាកដនៅឡើយទេ ព្រោះកំពុងរង់ចាំលទ្ធផល ហើយលោកស្រីបានបន្តទៀតថាពលរដ្ឋដែលមានបញ្ហានេះមានចំនួន ១៤នាក់ ក្នុងនោះមានកុមារចំនួន៦នាក់ និងមនុស្សចាស់ចំនួន ៨នាក់ ហើយក្នុងនោះផងដែរមានស្ត្រីដែលមានផ្ទៃពោះចំនួន ៨ខែម្នាក់ដែលបច្ចុប្បន្ន ពួកគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានអំពាវនាវឲ្យមានការ ប្រុងប្រយ័ត្ននូវជំងឺគ្រុនឈីកបន្ទាប់ពីជំងឺនេះ បានកើតឡើងលើពលរដ្ឋមួយចំនួននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណក សាស្រ្ត បានឲ្យដឹងថាជំងឺគ្រុនឈីកជាជំងឺដែលបង្កដោយវីរុសឈីកដែលបណ្ដាលមកពីមូលខ្លាញីខាំ ជាពិសេសនៅពេលថ្ងៃដែលអាចកើតមានចំពោះមនុស្សគ្រប់វ័យ ហើយចំពោះរោគសញ្ញាសំខាន់មាន ៣យ៉ាងដូចជា៖

ទី១.គ្រុនក្ដៅចំនួន ៣ទៅ៤ថ្ងៃ។

ទី២.ឈឺសន្លាក់ឆ្អឹងជាច្រើនកន្លែង និងទី៣.មានស្នាមរោលកន្ទួល ឫផ្ទៃស្នាមក្រហមលើស្បែក។ សូមបញ្ជាក់ថាជំងឺគ្រុនឈីកមិនបង្កឲ្យអ្នកជំងឺបាត់បង់ជីវិតទេ លើកលែងតែវាកើតជាមួយជំងឺផ្សេងៗដូចជាជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺរលាកស្រោមខួរជាដើម ព្រោះជំងឺរួមផ្សំទាំងនេះអាចឲ្យអ្នកជំងឺស្លាប់បាន៕