កែប ÷ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ឯកឧត្តម សោម ពិសិដ្ឋ អភិ បាលខេត្តកែប អញ្ជេីញជាអធិបតី ក្នុងពិធី បើកសិក្ខាសាលាផ្សព្វផ្សាយ ដាក់អោយអនុវត្តរបបគោលនយោ បាយ ចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០។
ការអនុវត្តគោលនយោបាយខាងលើនេះ គឺចាប់ផ្តើមតាំងពី ឆ្នាំ២០១៦មកម្លេះ ចំណែកឯក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានធ្វើអត្តសញ្ញាណកម្មជនពិការក្រីក្រ និងបានផ្តល់របបគោលនយោបាយជូន ជនពិការក្រីក្រក្នុងតាមបណ្តាលខេត្តផ្សេងៗទៀតរួចមកហេីយផងដែរ

ដោយឡែកសម្រាប់ឆ្នាំ២០២០ នេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់អោយដំណើការអនុវត្តរបបគោលនយោបាយនេះចំនួន ៤ រាជធានីខេត្តថ្មីបន្ថែមទៀត រួមមាន( រាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តព្រះសីហនុ និង កែប )។

ជាមួយគ្នានេះដែរ ឯឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ខេត្តកែបកន្លងមក ក៏ដូចជាបច្ចុប្បន្នបានយកចិត្តទុកដាក់ខ្ពស់លើវិស័យពិការភាពនៅទូរទាំងខេត្ត ព្រោះថាការងារពិការភាព គឺជាការងារពហុវស័យដែលទាមទារអោយយើងទាំងអស់គ្នា យកចិត្តទុកដាក់ការពារ និងលើកកម្ពស់សិទ្ធិជនពិការ ព្រោះ ថាជនពិការក៏ជាប្រភពធនធានមួយនៃការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិផងដែរ បច្ចុប្បន្ន រដ្ឋបាលខេត្តបានផ្ដល់លិទ្ធភាពដល់ជនពិការគ្រប់រូប ទទួលបានសេវាសុខភាព អប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយគុណភាព និងសមភាពព្រមទាំងបានលើកកម្ពស់ការចូលរួមរបស់ជនពិការ ក្នុងការទទួលបាន ព័ត៌មាន និងការបញ្ចេញ មតិផងដែរ ។ទន្ទឹមនេះ រដ្ឋបាលខេត្តបានលើកទឹកចិត្តដល់ការចូលរួមសកម្មភាព សង្គមសម្រាប់ជនពិការដូចជាសកម្មភាព វប្បធម៌ សាសនា សិល្បៈ កីឡា និងសកម្មភាពផ្សេងៗទៀត។

ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានសម្តែងនូវការកោតសរសើរចំពោះ គណៈកម្មការគ្រប់គ្រងរបបគោលនយោបាយខេត្តកែប និងក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ជាពិសេសមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដែលតែងតែរួមសហការគ្នា ក្នុងការអនុវត្តការងារពិការភាព សម្រេចបាននូវសមិទ្ធផលជាច្រើនគួរអោយ កត់សំគាល់ ជាពិសេសការប្រមូលទិន្នន័យដំបូង សម្រាប់ជនពិការទូទៅ នៅក្នុងខេត្តកែប។

ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានផ្តល់នូវអនុសាស្រ្តសំខាន់ៗមួយចំនួនជូន ដល់សមាជិកសមាជិការនៃសិក្ខាសាលា នាពេលនោះថា÷
១- បន្តសហការជាមួយមន្ទីរផែនការខេត្ត លើការបន្ស៊ីផែនការសកម្មភាព ក្នុងការកំណត់អត្តសញ្ញាណជនពិការក្រីក្រ នៅតាមសហគមន៍។
២-សហការជាមួយមន្ទីរ ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការដែលមានការងារពាក់ព័ន្ធនឹងការស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ ធ្វើការចងក្រងជាប្រព័ន្ធគ្រប់គ្រងព័ត៌មានពិការភាព ដើម្បីងាយស្រួលកំណត់ជនមានពិការភាពទូទៅ ជាពិសេសជនមានពិការភាពក្រីក្រ ក្នុងការផ្តល់របបគោលនយោបាយអោយបានល្អប្រសើរ ។
៣-ត្រូវបន្តជំរុញមន្ទីរ ស្ថាប័ន និងផ្នែកឯកជន ដេីម្បីទទួលជនមានពិការភាព ចូលបម្រើការងារតាមអត្រាកំណត់ ២% សម្រាប់ស្ថាប័នរដ្ឋ និង ១% សម្រាប់វិស័យឯកជន។
៤- រដ្ឋបាលសិទ្ធិជនពិការខេត្តកែប ត្រូវធ្វើអធិការកិច្ចវិស័យពិការភាពចំពោះ ស្ថាប័នរដ្ឋ និងវិស័យឯកជន លើអត្រាទទួលជនមានពិការភាពអោយចូលបម្រើការងារ តាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានា ដែលបាននិងកំពុងដាក់អោយអនុវត្តជាធរមាន។
ឯកឧត្តម មានជំនឿយ៉ាងមុតមាំថា តាមរយៈការផ្តល់អនុសាស្រ្តនេះការអនុវត្តរបបគោលនយោបាយដល់ជនពិការក្រីក្រក្នុងសហគមន៍ បានចំគោលដៅដេីម្បីជាការលើកកំពស់ជីវភាពដល់ជនមានពិការភាពក្នុងខេត្តកែប អោយមានជីវភាពកាន់តែប្រសើរឡើងមួយកំរិតបន្ថែមទៀត តាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពី សិទ្ធិជនពិការ និងទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក។