ឯកឧត្តមម៉ាត់ សេដអ្នកតំណាងរាស្ត្រមណ្ឌលកំពត លោកជំទាវ យ៉ត នីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ព្រមទាំង អាជ្ញាធរនិងក្រុមការងារចុះជួយមូលដ្ឋាន។នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០ បាននាំយកនូវជំនួយសប្បុរសធម៌រួមរបស់អង្គការ(យូមេនីធី ហ្វើសកម្ពុជា ) ដើម្បីជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២៧គ្រួសារ ដែលគ្រោះធម្មជាតិនេះកើតឡើងកាលពី ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ បានធ្វើឲ្យប៉ះពាល់ខូចខាតផ្ទះសំបែងប្រជាពលរដ្ឋ ក្នុងភូមិចំនួន២ គឺភូមិកំពង់កេះ និងភូមិត្រពាំងធំ ស្ថិតនៅក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូខេត្តកំពត។

ជាមួយឱកាសនោះតំណាងអង្គការ(យូមេនីធី ហ្វើសកម្ពុជា ) ក៏បានចូលរួមការសោកស្ដាយជាមួយប្រជាពលរដ្ឋរងគ្រោះទាំងអស់ និងបានគូសបញ្ជាក់ថា អង្គការ (យូមេនីធី ហ្វើស កម្ពុជា) ជាអង្គការបម្រើសកម្មភាពជុំវិញពិភពលោកពាក់ព័ន្ធ ការអប់រំ និងផ្តល់ជំនាញដល់ប្រជាពលរដ្ឋទូទៅ ព្រមទាំងជួយកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម ការពង្រឹងសក្តានុពលសេដ្ឋកិច្ច ជួយសម្រាលទុក្ខលំបាក ដែលបង្កឡើងដោយគ្រោះមហន្តរាយដោយធម្មជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ពុំមានការរើសអើង ប្រកាន់និន្នការនយោបាយ ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ។ ជាការជាក់ស្ដែងដើម្បីរួមចំណែកសម្រាលបន្ទុកការដោះស្រាយជាមួយរាជរដ្ឋាភិបាល ដើម្បីជួយរំលែកទុក្ខលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋរងគ្រោះ (យូមេនីធី ហ្វើសកម្ពុជា ) បាននាំយកនូវកញ្ចប់ស្បៀងអាហារចែកថ្ងៃនេះមានចំនួន២៧ គ្រួសារ ក្នុង១គ្រួសាទទួលបានអង្ករ៤០គីឡូក្រាមរួមគ្រឿងឧបភោគបរិភោគមួយចំនួននិងថវិកាចំនួន៨ម៉ឺនរៀល)។

មានប្រសាសន៍សំណេះសំណាលលោកជំទាវយ៉យ នីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងឯកឧត្តមម៉ាត់ សេដ អ្នកតំណាងរាស្រ្តមណ្ឌលកំពត ក៏បានគូសបញ្ជាក់ដែរថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាទុក្ខលំបាករបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន។ ជានិច្ចជាកាលសម្ដេចតេជោតែង តែបានក្រើនរំលឹកនិងណែនាំផ្ដាំផ្ញើដល់មន្ត្រីនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ឱ្យសកម្មក្នុងការចុះជួយប្រជាពលរដ្ឋដែលមានបញ្ហាជួបទុក្ខលំបាក បញ្ហាប្រឈមនានា បញ្ហាខ្វះខាតនៅក្នុងមូលដ្ឋានដោយមិនត្រូវទុកចោល ឱ្យប្រជាពលរដ្ឋណាម្នាក់ជួបបញ្ហាហើយគ្មានការដោះស្រាយពីសំណាក់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចពាក់ព័ន្ធឡើយ។

ជាមួយឱកាសនោះដែរ ឯកឧត្តមអ្នកតំណាងរាស្រ្ត ក៏បានក្រើនរំលឹកអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបន្តយកចិត្តទុកដាក់បញ្ហាអនាម័យក្នុងគ្រួសារ ពិសេសការចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នោះក្នុងសហគមន៍ ព្រោះជំងឺនេះនៅមិនទាន់បានធូរស្បើយនៅឡើយក្នុងពិភពលោក និងគាត់ត្រូវយកចិត្តទុកដាក់ការងារបង្កបង្កើនផលចិញ្ចឹមសត្វដើម្បីបង្កើនជីវភាពគ្រួសារឲ្យបានកាន់តែប្រសើរឡើងផងដែរ។ ក្នុងឱកាសនោះឯកឧត្តមអ្នកតំណាងរាស្រ្តនិងក្រុមការងារព្រមទាំងអង្គការ (យូមេនីធី ហ្វើសកម្ពុជា )ក៏បានចូលរួមនូវថវិកាសរុបចំនួន ៣លានរៀលដើម្បីរៀបចំកសាងផ្ទះថ្មីទាំងស្រុងជូនស្ត្រីក្រីក្រមួយគ្រួសារដែលរងផលប៉ះពាល់ខ្លាំងដោយខ្យល់កន្ត្រាក់នេះផងដែរ។