(ភ្នំពេញ)៖ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងដល់ម្ចាស់អាជីកម្មនាំចូល​និង ចែក ចាយនិងផ្គត់ផ្គង់ផលិត​ផល​សម្រាប់​​ចិញ្ចឹម​ទារកនិងកុមារទាំងអស់ស្តីពីការផ្សព្វផ្សាយលក់ផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារ (ឧបសម្ព័ន្ធ ១) និងប្រកាសរួមលេខ ០៦១ សនរប ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០០៧ ស្តីពី​ការអនុវត្តអនុក្រឹត្យ ស្តីពីការផ្សព្វផ្សាយលក់ផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារ ដោយមិនទាន់បំពេញ​កាតព្វកិច្ចរបស់ខ្លួននៅលើសំបកវេចខ្ចប់ជាប់នឹងផលិតផលរបស់ខ្លួន ដោយក្រសួង ទុករយៈពេល៣០ថ្ងៃជា​កំហិតបន្ទាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណីជ្ជកម្មកម្ពុជា ដែលអង្គភាពព័ត៌មានទូរទស្សន៍ កម្ពុជាប៉ុស្តិ៍លេខ៨ អេចឌី ទទួលបាន នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០​នេះ ។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹថា ក្នុងរយៈពេលកន្លងមកនេះក្រសួងពាណិជ្ជកម្មបាន​សង្កេត​ឃើញថា ការច រាចរ​​ផលិត​ផល​​សម្រាប់ចិញ្ចឹមទារក និងកុមារ នៅលើទីផ្សារមួយចំនួន មិន​បាន​អនុវត្ត​តាម​​ខ្លឹមសារ​នៃ​មាត្រា ៩.១០.​១១.១២នៃអនុក្រឹត្យលេខ១៣៣អនក្រ.បកចុះថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០០៥ស្តីពី​ការ​​ផ្សព្វផ្សាយលក់​ផលិត​ផល​សម្រាប់ចិញ្ចឹមទារក និងកុមារ (ឧបសម្ព័ន្ធ ១) និងប្រកាស​រួមលេខ ០៦១ សនរប ចុះ​ថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០០៧ ស្តីពី​ការ​អនុវត្ត​​អនុក្រឹត្យស្តីពីការ​ផ្សព្វផ្សាយ​លក់ផលិតផលសម្រាប់ចិញ្ចឹមទារក​ និង​កុមារ ដោយ​​មិន​ទាន់​បំពេញ​​​កាតព្វកិច្ចរបស់ខ្លួន នៅលើសំបកវេចខ្ចប់ ជាប់នឹងផលិតផលរបស់ខ្លួន ដូចជា​ ការបង្ហាញ​ណែនាំ​អំពី​វិធី​ប្រើ​ផលិត​ផលជាភាសាខ្មែរ និងជាពិសេសពាក្យថា “គ្មានអ្វីប្រសើរជាងការបំបៅ កូនដោយទឹកដោះម្តាយ​តែ​មួយ​មុខ​គត់​រហូតបាន ៦ខែ និងបន្តការបំបៅដោះម្តាយ​រហូតបានអាយុ ២ឆ្នាំ ឬលើសឡើយ”

ដើម្បីលើកទឹកចិត្តឱ្យមានការបំបៅកូនដោយទឹកដោះម្តាយ និងការធ្វើពាណិជ្ជកម្មដោយសុចរិត ក្រសួង​ពាណិ​ជ្ជកម្ម សូមជម្រាបជូនដល់ក្រុមហ៊ុនធ្វើអាជីវកម្មនាំចូល ចែកចាយ និងផ្គត់ផ្គង់ផលិតផល​សម្រាប់​​ចិញ្ចឹម​ទារក និង​​​កុមារទាំងអស់ សូមអនុវត្តឱ្យបានត្រឹមត្រូវតាម​ខ្លឹមសារ​ច្បាប់ និងឯកសារគតិយុត្ត ដែល​កំពុង​មានជាធរមាន នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។

ក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីថ្ងៃចេញសេចក្តី​ជូនដំណឹងនេះ ប្រសិនបើមន្រ្តីនៃ​អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម រកឃើញផលិត​ផល​សម្រាប់​ចិញ្ចឹម​ទារក និងកុមារប្រភេទណាមួយ មិន​បានអនុវត្តតាម​ខ្លឹម​​សារ ឬមិនបានបំពេញតាមលក្ខខណ្ឌ​​តម្រូវ​ផ្សេងៗទៀត នៃ​អនុក្រឹត្យ​លេខ ១៣៣ និង​ប្រកាស​រួម​លេខ ០៦១ សនរប មន្រ្តី​អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នឹងចាត់​វិធាន​ការ​ផ្អាកជា​បណ្តោះអាសន្ន​នូវ​ការ​ចរាចរ និងដកហូត​ចេញ​​ពី​ទីផ្សារ ឬអនុវត្តនីតិវិធីផ្សេងៗទៀត ដោយអនុលោម​តាម​​ច្បាប់ស្តីពី​ការ​គ្រប់​គ្រង​គុណ​ភាព សុវត្ថិភាព លើ​ផលិត​ផល​​​ទំនិញ និងសេវា ច្បាប់ស្តីពី​កិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិជាធរមានផ្សេងៗទៀត ដោយមិនលើកលែង។

ក្រសួងពាណិជ្ជកម្ម នឹងបន្តសកម្មភាពការងាររបស់ខ្លួន ដោយឈរលើអណត្តិ​ការងារតាមតួនាទី និង​ភារ​កិច្ច ហើយសង្ឃឹមជឿជាក់យ៉ាងមុតមាំលើកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការ​ជំរុញ​ការអនុវត្តច្បាប់ និងលិខិតបទដ្ឋាន​គតិយុត្ត​នានា ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ និងដើម្បីផលប្រយោជន៍​សម្រាប់​សង្គម​ជាតិទាំងមូល ៕