លោកស្រីយូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញ​ដូរមនុស្សខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានធ្វើឲ្យការងារមួយចំនួននៅបរទេស ជាពិសេសនៅប្រទេសថៃ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន រហូតដល់មានការបិទព្រំដែនទៀត ដូច្នេះរហូតមកទល់ពេលនេះ មានបងប្អូនប្រជាពលរដ្ឋយើងដែលធ្លាប់ធ្វើការនៅប្រទេសថៃ នៅតែបន្តចាកចេញពីប្រទេសថៃ តាមច្រកអន្តរជាតិ ក៏ដូចជាច្រករបៀងផ្សេងៗទៀតនៅតាមខេត្តជាប់ព្រំដែន ដើម្បីវិល​ត្រឡប់​លំ​នៅដ្ឋានរបស់ខ្លួនវិញ ប៉ុន្តែក៏នៅមានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនបានចាញ់បោកមេខ្យល់ បានវិលត្រឡប់ទៅស្វែងរកការងារធ្វើនៅប្រទេសថៃវិញដោយខុសច្បាប់ ហើយក៏ត្រូវសមត្ថកិច្ចរបស់ប្រទេសថៃចាប់បាន រួចបញ្ជូនមកកម្ពុជាវិញដែរ ។

លោកស្រី យូ សុភា មានប្រសាសន៍បន្ថែមថា បញ្ហានាំប្រជាពលរដ្ឋចេញឆ្លងដែនដោយខុសច្បាប់នេះ មិនមែនជារឿងធម្មតានោះទេ ព្រោះកាលពីពេលថ្មីៗកន្លងទៅនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសមួយណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការគ្រប់គ្រង និង ទប់ស្កាត់នៃការឆ្លងដែនដោយខុសច្បាប់ ដូច្នេះប្រសិនបើគ្មានការញុះញង់ពីមេខ្យល់ទេ ប្រជាពលរដ្ឋយើងក៏មិនហ៊ានប្រថុយប្រថានចេញឆ្លងដែនដោយខុសច្បាប់ដែរ ហេតុនេះសូមមន្ត្រីមានសមត្ថកិច្ចដែលជាសមាជិកលេខាធិការដ្ឋាន ត្រូវបន្តស្វែងរកចាប់ខ្លួនមេខ្យល់យកមកផ្ដន្ទាទោសតាមច្បាប់ ព្រោះថាបច្ចុប្បន្ននេះព្រំដែននៃប្រទេសទាំងពីរកម្ពុជា ថៃ នៅបន្តបិទនៅឡើយ ។

លោកស្រីអភិបាលរងខេត្ត មានប្រសាសន៍បន្ថែមទៀតថា ក្នុងអំឡុងពេលប្រជុំប្រចាំឆមាសទី១ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប យើងក៏បានដាក់ចេញនូវផែនការសុំឲ្យព្រះរាជអាជ្ញា ពិនិត្យ និង ជំរុញលើដំណើរការរឿងក្ដីមេខ្យល់ ដែលនាំប្រជាពលរដ្ឋចេញខុសច្បាប់ទៅក្រៅប្រទេសដែលក្រុមការងារអនុវត្តច្បាប់នៃលេខាធិការដ្ឋាន ឃាត់ខ្លួន និង បញ្ជូនសំណុំរឿងទៅតុលាការ ដូច្នេះសុំឲ្យបន្តធ្វើរឿងនេះឲ្យបានឆាប់ ដើម្បីទប់ស្កាត់ការនាំប្រជាពលរដ្ឋចេញទៅក្រៅប្រទេសដោយខុសច្បាប់បានទាន់ពេលវេលា ។

លោកស្រី យូ សុភា មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២០ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២០នេះ​។

ក្នុងឱកាសនោះដែរ លោកស្រី យូ សុភា បានណែនាំដល់អាជ្ញាធរក្រុងស្រុក ត្រូវចុះពន្យល់ ណែនាំ និង អប់រំដល់បងប្អូនប្រជាពលរដ្ឋយើង អំពីផលវិបាកទាំងឡាយដែលចេញទៅក្រៅប្រទេសខុសច្បាប់ ហើយសុះឲ្យពួកគាត់មានការអត់ធ្មត់មួយរយៈពេលសិន ជាពិសេសត្រូវណែនាំពួកគាត់ ឲ្យងាកមកប្រកបរបរនៅក្នុងស្រុកវិញ ជាពិសេសលើការងារចិញ្ចឹមសត្វ និង ដាំដំណាំរួមផ្សំផ្សេងៗទៀត ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានផ្ដាំផ្ញើដល់បងប្អូនមប្រជាពលរដ្ឋពលរដ្ឋយើង ងាកមកប្រកបរបរចិញ្ចឹមសត្វ និង ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩នេះ ៕