ភ្នំពេញ ៖ ក្មេងស្ទាវទំនើងចំនួន២នាក់ ជាប់ចំណាត់ថ្នាក់ខាងដើរលួច ឆក់ បើកទ្វាររថយន្ត ក្នុងភូមិសាស្ត្រ តាមផ្លូវកប់ស្រូវ ខណ្ឌពោធិសែនជ័យ កំបូល ត្រូវបានបងប្អូនប្រជាពលរដ្ឋចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅបុរីឈូកវ៉ា២ ភូមិគិត្តប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

ក្មេងស្ទាវទាំង២នាក់ ក្នុងវ័យអាយុ១៥-១៦ឆ្នាំ ស្នាក់នៅនិងកន្លែងប្រមូលផ្តុំ នៅភូមិសប្បុកចាប សង្កាត់គោករការខណ្ឌព្រែកព្នៅ មានផ្ទះនៅឯ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ស្ទាវទំនើងខាងលើ ពលរដ្ឋចាត់ឲ្យចំណាត់ថ្នាក់ លំដាប់ខាងដើរលួច ឆក់ បើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ រាប់លែងអស់ទៅហើយ ហើយសមត្ថកិច្ចក៏ធ្លាប់ចាប់ឃាត់ធ្វើការអប់រំផងដែរ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ក្មេងស្ទាវទាំង២នាក់ ជាមុខសញ្ញាចាស់ដដែល ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-9668 ទៅធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ នៅក្នុងភូមិគិត្តប្បញ្ញោ ពលរដ្ឋស្រែកឆោឡោ ដេញព័ទ្ធចាប់រត់ពេញភូមិ រហូតដល់ម៉ូតូក្មេងស្ទាវបែកកង់មុខ ទើបចាប់ឃាត់ខ្លួនបាន រួចប្រគល់ឲ្យសមត្ថកិច្ច ។ក្មេងទំនើងទាំង២នាក់ មានម្នាក់ក្នុងសភាពមានរបួស ដោយមានពលរដ្ឋស្វាគមន៍ ត្រូវបាននគរបាលប៉ុស្តិ៍សំរោងក្រោមនាំជូនទៅពេទ្យ និងបន្តធ្វើការអប់រំសាជាថ្មី ៕