ភ្នំពេញ ៖ ជនសង្ស័យជំនាញខាង លួច កាច់សោរ ក ម៉ូតូម្នាក់ អស់ល័ក្ខត្រឹមទៅធ្វើសកម្មភាពលួចម៉ូតូរបស់លោកគ្រូពេទ្យធ្មេញ ខណៈដែលភ្លេចដកកូនសោចេញ  តែបានសោចាក់បូមមុខ ម្ចាស់ឃើញចេញមកទាន់ ស្រែកឆោឡោ ពលរដ្ឋដេញតាមចាប់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅមុខផ្ទះពេទ្យធ្មេញ ផ្លូវបេតុង១៩៦ ក្រុម១ ភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ អ៊ុ ចាន់ធឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។

ជនរងគ្រោះមានឈ្មោះ កង មាស ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរពេទ្យធ្មេញ ស្នាក់នៅផ្ទះកើតហេតុហេតុ ។ ចំណែកម៉ូតូដែលជនសង្ស័យប៉ុនប៉ងលួច ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HH-3045 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូចតទុកមុខផ្ទះ ដោយភ្លេចដកកូនសោចេញ តែបានចាក់សោបូមមុខ ហើយរវល់តែធ្វើធ្មេញឲ្យភ្ញៀវ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យរូបនេះ ទៅធ្វើសកម្មភាពលួច ឡើងជិះបញ្ឆេះបម្រុងគេចខ្លួន ជាសំណាងល្អ ម៉ូតូបានជាប់សោបូមមុខ ក្រឡេកមើលឃើញទាន់ ស្រែកឆោឡោ ពលរដ្ឋដេញតាមចាប់ខ្លួនបានភ្លាមៗ រួចប្រគល់ឲ្យប៉ូលិស ។

ជនសង្ស័យក្រោយពីចាប់ខ្លួនបាន នគរបាលឃាត់ខ្លួនសាកសួរនៅប៉ុស្តិ៍កាកាប១ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញ រីឯម៉ូតូសមត្ថកិច្ចបានប្រគល់ជូនទៅម្ចាស់ដើមវិញ ៕