នៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន វិស័យកសិកម្មនៅកម្ពុជា មានសក្តានុពលខ្ពស់ ក្នុងការទ្រទ្រង់ជីវភាពរស់​នៅ​របស់ប្រជាជន បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប វិស័យកសិកម្មនៅក្នុងរដូវវស្សាឆ្នាំ​២០២០នេះ អនុវត្តបានជាង៩៩ភាគរយ នៃផែនការ នេះបើតាមប្រសាសន៍ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដែលជាគណៈកម្មការទី៣ នៃរដ្ឋសភា ក្នុងកិច្ចប្រជុំការងារត្រួតពិនិត្យអំពីវឌ្ឍនភាពលើវិស័យសំខាន់ៗមួយចំនួន ជាមួយរដ្ឋបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប ។

ឯកឧត្តម ប្រធានគណៈកម្មការ លើកឡើងថា បើទោះជាខេត្តសៀមរាប ត្រូវពឹងផ្អែកជាចំបងទៅលើវិស័យទេសចរណ៍ ក៏ប៉ុន្តែវិស័យកសិកម្មបានងើបឈរឡើង សម្រាប់ការរក្សាលំនឹងជីវភាពប្រជាជន ពិសេសគឺក្នុងស្ថានភាពនៃការរងផលប៉ះពាល់ដោយវិបត្តិកូវីត១៩។

លើសពីនេះខេត្តមួយនេះ ក៏មានលទ្ធភាពនាំចេញស្រូវអង្ករ ទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗ និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃវិបត្តិកូវីត​១៩ និងកំពុងធ្វើឲ្យពេលវេលានេះ បានក្លាយជាកាលានុវត្តន៍ សម្រាប់ពង្រឹង និងពង្រីកវិស័យកសិកម្ម ដើម្បីទ្រទ្រង់សេដ្ឋកិច្ចទីផ្សារ និងជីវភាពប្រជាជន។ ទន្ទឹមនោះ គោលនយោបាយជំនួយសង្គម ការផ្តល់បណ្ណក្រីក្រដល់ប្រជាពលរដ្ឋក្រីក្រ ពិសេសប្រជាពលរដ្ឋក្រីក្រ ដែលរងផល់ប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ កម្មករ និយោជិត គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនៃវិបត្តិជាសកលនេះ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២០​នេះ វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាបថយចុះជិត ៦៩ភាគរយ ឬស្មើនឹងជិត៤សែននាក់ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ខេត្តមួយនេះទទួលបានភ្ញៀវទេសចរ សរុបជាង ១លាន ២សែននាក់។