បន្ទាប់ពីមានរបាយការណ៍លទ្ធផលសម្រេចបានរបស់រដ្ឋបាលខេត្ត តាមរយៈការឲ្យដឹងរបស់ ឯកឧត្តមជាវ តាយ​អភិបាលខេត្ត។​ប្រធានគណៈកម្មការទី១ នៃរដ្ឋសភាបានលើកឡើងថា កំពតជាខេត្តមួយមានសកត្តា​នុពលលើគ្រប់វិស័យ ហើយកំពតបាននឹងកំពុងអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ហើយដើម្បីធានាដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព និងចីរភាព ថ្នាក់ដឹកនាំ មន្ត្រីជុំវិញខេត្តត្រូវបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងមានតម្លាភាព។

ថ្លែងក្នុងកិច្ចជួបប្រជុំ ពិភាក្សាការងារជាមួយឯកឧត្តមជាវ តាយអភិបាលខេត្តកំពត និងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុកដើម្បីស្វែងយល់ពីការរីកចម្រើនរបស់ខេត្ត និងយន្តការដោះស្រាយទំនាស់​ដីធ្លី នៅព្រឹកទី៣០ ខែកក្កដានេះ ឯកឧត្តមប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាការ សិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា ហៅកាត់ថាគណៈកម្មការទី១ នៃរដ្ឋសភា បានលើកឡើងថា  បើតាមសេចក្តីរាយការណ៍របស់ឯកឧត្តមអភិបាលខេត្ត ខេត្តកំពតមានទីតាំងភូមិសាស្រ្តអំណោយ​ផលល្អណាស់  ហើយការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការងារគ្រប់គ្រងដីធ្លី ការងាររៀបចំដែនដីនគររូបនីយកម្ម និងសំណង់  ការងារដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ព្រមទាំងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានលទ្ធផលល្អប្រសើរទាំងអស់។

ចំណែកវិស័យនិមួយៗ ដូចជាកសិកម្ម ធនធានទឹក ឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ រ៉ែនិងថាមពល ទេសចរណ៍ ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ សាធារណការ អប់រំ សុខាភិបាល រៀបចំដែនដីនគររូបនី​យកម្ម សំណង់ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ចំណែកបញ្ហាមួយចំនួន រដ្ឋបាលខេត្តក៏បាននឹងកំពុងបានបន្ត ដោះស្រាយ សម្រុះសម្រួលឲ្យបានប្រកបដោយប្រសិទ្ធភាព ឆ្លើយតបតាមការចង់បានរបស់ប្រជាព​រដ្ឋ។

ឯកឧត្តមប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក៏ដូចមន្ទីរជំនាញនិងរដ្ឋបាលក្រុង ស្រុកក្នុងការអនុវត្តតួនាទីភារកិច្ច និងដែនសមត្ថកិច្ចរបស់ខ្លួន ស្របទៅនឹង​គោល​នយោបាយ និងគោលការណ៍របស់រាជរដ្ឋាភិបាល  ក៏ដូចជាច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាបានល្អប្រសើរ ក្នុងគោលដៅអភិវឌ្ឍន៍ប្រទេស និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ប៉ុន្តែដើម្បីធានាដល់ការអភិវឌ្ឍន៍រីកចម្រើនប្រកបដោយនិរន្តភាព និងចីរភាព ឯកឧត្តមប្រធានបានជំរុញដល់មន្ត្រីថ្នាក់ដឹកនាជំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់បំពេញការងារភារកិច្ចតាមតួនាទីរបស់ខ្លួនឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដោយផ្អែកតាមគោលការច្បាប់ និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល៕