ខេត្តកែប៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សា​ខេត្ត ទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយ ប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ដើម្បីស្វែងយល់អំពីការរីកចម្រើនរបស់ខេត្ត និងយន្តការដោះស្រាយករណីទំនាស់ដីធ្លី។

កិច្ចប្រជុំនេះក៍មានការអញ្ជើញពី គណៈប្រតិភូអមដំណើរ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ ស្វាគមន៍និងរាយការណ៍សង្ខេបអំពីភាពរីកចម្រើនរបស់ខេត្តកែប​ជូនគណៈប្រតិភូ ដោយបញ្ហាញថា៖ រដ្ឋបាលខេត្តកែប ក្រោមការចង្អុលបង្ហាញ ណែនាំតម្រង់ទិសណែនាំពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើអោយខេត្តកែប បោះជំហានទៅ​មុខ​យ៉ាងឆាប់រហ័សក្នុងការអភិវឌ្ឍន៍ខេត្ត ធានាបានភាពរឹងមាំ មានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់​ធ្នាប់សង្គមដែលជាមូលដ្ឋានគ្រឹះ រួមចំណែកការអភិវឌ្ឍន៍ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា ចំពោះការដោះស្រាយបណ្តឹងករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ គណៈកម្មការសុរិយោដីខេត្ត ធ្វើការសម្របសម្រួលដោះស្រាយទំនាស់ និងទទួលបានពាក្យបណ្តឹង ១៧៥ករណីដោះស្រាយ ៨៩ ករណីច្រានចោល៤៩ដកពាក្យបណ្តឹង២១ករណីកំពុងដោះស្រាយ១៦ ករណី ចំពោះគណៈកម្មការរដ្ឋបាល នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅថ្នាក់ក្រុង មានទំនាស់សរុបចំនួន ៥៤ករណីដោះស្រាយបាន២ ករណីនៅសល់៥២ករណី កំពុងដោះស្រាយ ។

ថ្នាក់ស្រុក មានទំនាស់ចំនួន៦១ ករណីដោះស្រាយបាន ១២ករណី ច្រានចោល១៨ ករណីដកពាក្យ២ ករណី កំពុងដោះស្រាយ ២៩ ករណី។ ក្នុងនោះការិយាល័យប្រជាពលរដ្ឋខេត្ត ក្រុង ស្រុក បានអនុវត្ត តួនាទី ភារកិច្ច បានត្រឹមត្រូវតាមការណែនាំរបស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាលទ្ធផល-ការិយាល័យប្រជាពលរដ្ឋខេត្តទទួលបានពាក្យបណ្តឹង១៤ ករណី ដោះស្រារួចរាល់-ការិយា​ល័យប្រជាពលរដ្ឋក្រុង ទទួលបានពាក្យបណ្តឹង ៣០ ករណី ដោះស្រាយរួច-ការិយាល័យស្រុក ទទួលបានពាក្យ​បណ្តឹង ៤០ ករណី ដោះស្រាយរួចរាល់ ២៥ ករណី  និងបញ្ជូន ១៥ ករណី។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បាននលើកឡើងថា  គណៈកម្មាធិការ ខេត្តដែលមានសមាសភាពជំនាញ   ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់  និងសុរិយោដី  ជាសេធិការ ត្រូវចុះមូលដ្ឋានសួរសុខទុក្ខប្រជាពលរដ្ឋ និងប្រមូលយកព័ត៌មានរាល់បញ្ហារបស់ប្រជាពលរដ្ឋ ជូនរាជរដ្ឋាភិបាលដើម្បីដោះស្រាយតាមរយៈប្រធានរដ្ឋសភា ត្រូវពង្រឹងយន្តការដោះស្រាយសម្របសម្រួល  និងការគ្រប់គ្រងទំនាស់ដីធ្លី ពិនិត្យស្ថានភាពនៃផែនការ និងការទប់ស្កាត់បង្ក្រាបបទល្មើសដែលបំផ្លាញធនធានធម្មជាតិ ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តកែបនេាះ ប្រតិភូគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា នៃរដ្ឋសភា បានលើកឡើងបន្តទៀតថា វិវាទដីធ្លីភាគច្រើន កើតឡើងដោយសារការកាន់កាប់ដីធ្លីរបស់ពលរដ្ឋ មិនទាន់មានភាពស្របច្បាស់ ដូច្នេះការចុះបញ្ជីដីធ្លីជួបការ លំបាក ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ បានកំពុងជំរុញកំណែទម្រង់ការគ្រប់គ្រងដីធ្លី ហើយច្បាប់ និងបទដ្ឋានជាច្រើនត្រូវបានរដ្ឋសភាអនុម័តដើម្បីអនុវត្តការងារនេះដែរ។

នៅក្នុងពិភាក្សានេះ ឯឧត្តមប្រធាន ក៏បានសាកសួរសំនួរមួយចំនួន ពាក់ព័ន្ធនឹងយន្តការនៃការដោះស្រាយទំនា​ស់ដល់រដ្ឋបាលខេត្តផងដែរ។ ជាមួយគ្នានេះឯកឧត្តម បាន គាំទ្រចំពោះដំណោះស្រាយរបស់អាជ្ញាធរខេត្តកែប ដែលបានខិតខំដោះស្រាយបាន នូវទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ និងស្មុគ្រស្មាញដែលលើកឡើង ព្រមទាំងបានជំរុញទៅអាជ្ញាធរនៃរដ្ឋបាលខេត្ត និងបណ្តាស្ថាប័នមន្ទីរអង្គភាពពាក់ព័ន្ធ បន្តដោះស្រាយបញ្ហាផ្សេងទៀតដែលនៅ​សេស​សល់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដែលភាគីទាំងសងខាងអាចទទួលយកបានទាំងអស់គ្នា។