រដ្ឋបាលខេត្ត និងមន្ត្រីជំនាញថានឹងធ្វើសំណើ សុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការសាង​សង់​ស្ពានថ្មីជំនួសដោយស្ពានចាស់ ឬ ស្ពានឥន្ទធនូសព្វថ្ងៃដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ខេត្តផង និងសម្រួលដល់ការធ្វើចរាចរ បញ្ចៀសការកកស្ទះផង ។

នៅរសៀលថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២០ ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តមឧត្តមសេនីយ៍ឯកគង់ អៀង នាយករងនាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ រួមនិងថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ និងប្រតិភូ កងវិស្វកម្មក្រសួងការពារជាតិ បានចុះពិនិត្យវាយតម្លៃស្ថានភាពស្ពានចាស់ឬស្ពានឥន្ទធនូដែលមានសភាពទ្រុឌទ្រម ។

នៅក្នុងឱកាសនោះ ឯកឧត្តមជាវ តាយ អភិបាលខេត្ត បានសំណូមពរដល់ឯកឧត្តមឧត្តមសេនីយ៍ឯកគង់ អៀង ឲ្យជួយជំរុញ និងពន្លឿការសិក្សាគម្រោងសាងសង់ស្ពានថ្មីនេះ ឲ្យបានឆាប់រហ័ស ដើម្បីបានជាគម្រោងឯកសារជាក់លាក់ សម្រាប់សុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល និងសម្រាប់ដាក់ឆ្លងក្នុងកិច្ចប្រជុំគណៈអភិបាល​ខេត្ត និងឆ្លងក្រុមប្រឹក្សាខេត្ត។

ឯកឧត្តមបានបន្តថា ស្ពាននេះជាតម្រូវការចាំបាច់ណាស់ សម្រាប់ពលរដ្ឋ និងភ្ញៀវទេសចរដែលចេះតែកើនឡើងជាលំដាប់  ស្ពានថ្មីនេះអាចជួយសម្រួលដល់មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ឆ្លងកាត់ព្រែកកំពតបានងាយស្រួល និងគ្មានការកកស្ទះចរាចរណ៍នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទានផ្សេងៗ ខណៈដែលបច្ចុប្បន្នខេត្តកំពតមានស្ពានដែលរថយន្តអាចឆ្លងកាត់បានតែមួយនោះ។

ឯកឧត្តមជាវ តាយ បានបញ្ជាក់ថា ក្រោយពីបានសិក្សាគម្រោង និងការដាក់ឆ្លងពិភាក្សាជាមួយនឹងគណៈអភិបាល និងក្រុមប្រឹក្សាខេត្ត និងសុំគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីរួចរាល់ហើយនោះ ស្ពានថ្មីនេះអាចនឹងសាងសង់រួចរាល់ មិនឲ្យលើសរយៈពេល២ឆ្នាំឡើយ ហើយគម្រោងស្ពានថ្មីនេះនិងធ្វើឲ្យធំជាងមុន ទទឹង ១០ម៉ែត្រ និងបណ្ដោយប្រមាណជិត៣០០ ម៉ែត្រនិងកំពស់ប្រហាក់ប្រហែលនឹងស្ពានថ្មីថែលនិងកំពុងធ្វើចរាចរណ៍ដោយរថយន្តធំតូចឆ្លងកាត់ព្រែកកំពតដូចសព្វថ្ងៃនេះដែរ។

ឯកឧត្តមឧត្តមសេនីយ៍ឯក គង់ អៀង នាយករងនាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ បានសន្យាជួយជំរុញ​ការឆ្លើយតបទៅនិងសំណើ និងសំណូមពររបស់ឯកឧត្តមជាវ តាយ និងថាធ្វើយ៉ាងណាឲ្យ ការសិក្សាគម្រោងនេះ ឲ្យបានលឿននិងឆាប់ចប់ ដើម្បីឱ្យរដ្ឋបាលខេត្តដាក់សំណើគោលការណ៍ ទៅប្រមុខរាជរដ្ឋាភិបាលបានឆាប់រហ័ស។ ឯកឧត្តមបានបញ្ជាក់ទៀតថា តាមរយៈការសិក្សាគម្រោងរបស់កងវិស្វកម្ម ក្រសួងការពារជាតិ នឹងធានាថាមានតម្លៃសមរម្យ មិនឱ្យលើស ហើយទៅតែទាបជាងតម្លៃនៅលើទីផ្សារ នៃគម្រោងក្រុមហ៊ុនផ្សេងៗនិងធានាបានទាំងគុណភាពទៀតផងដែរ៕