(កំពង់ចាម)៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្នុងការបំពេញបេសកកម្មរបស់អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយអភិបាលរងខេត្តកំពង់ចាម លោក អ៊ុ ភឿន គុណវុឌ្ឍ និងលោក សំ ពិសិដ្ឋ នាយករងរដ្ឋបាលខេត្ត និងលោក ផេន សុផល អភិបាលស្រុកបាធាយ បានចុះរៀបចំសណ្ដាប់ធ្នាប់ នៅទីប្រជុំជនផ្សារផ្អាវ ក្នុងស្រុកបាធា​យ ខេត្តកំពង់ចាម ដែលក្នុងដំណាក់កាលនេះ អាជ្ញាធរតម្រូវឲ្យក្រុមអាជីវករ រើអីវ៉ាន់ដាក់លក់ត្រឹមគំនូសក្រហម ដែលអាជ្ញាធរបានកំណត់ថ្មីៗកន្លងទៅនេះ ។

នៅក្នុងប្រតិបត្តិការថ្ងៃដដែលនេះផងដែរ ពេលព្រឹក ក្រុមអាជ្ញាធរមានសមត្ថកិច្ច បានប្រើគ្រឿងបំពងសំលេង ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋរៀបចំ សណ្ដាប់ធ្នាប់ដោយរួសរើ និងៗប្រមូលសម្ភារលក់ដូរ ចូលត្រឹមគំនូសក្រហមដែលអាជ្ញាធរបានកំណត់។ លុះដល់ពេលរសៀល ក្រុមអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យម្ដងទៀត ហើយ​ប្រសិនបើមានអាជីវករណាមិនអនុវត្តតាម សមត្ថកិច្ចនឹងធ្វើការរៀបចំដោយផ្ទាល់តែម្ដង ។

គួររំលឹកថា អភិបាលស្រុកបាធាយ ធ្លាប់បានឲ្យដឹងថា នៅក្នុងផ្សារផ្អាវ មានជាង២០០តូប ដោយឡែកនៅផ្នែកខាងក្រៅផ្សារ ជាប់នឹងដងផ្លូវលេខ៦ នឹងផ្លូវសម្ដេចតេជោ មានជាង ៥០ គ្រែលក់មុខផ្សារ និងក្រោយ១០ផ្ទះ និងកន្លែងលក់ត្រីមាន១៥០កន្លែង។

កន្លែងលក់ ដែលបង្កភាពអណាធិបតេយ្យ គឺមានជាង១០០កន្លែង អមសងខាងផ្លូវ សម្តេចតេជោ ខាងកើត និងខាងលិច។ ចំណែកជាប់ផ្លូវលេខ៦ មានជាង៨០កន្លែង ដែលក្នុងនោះ មានការធ្វើសំយ៉ាបខិតមកថ្នល់ ដែលបង្កឲ្យមានការបាត់សោភ័ណភាព នៅទីប្រជុំជនផ្សារនេះផងដែរ។​ករណីនេះ បន្ទាប់ពីមានការឯកភាពនៅក្នុងអង្គប្រជុំ អភិបាលខេត្តកំពង់ចាម បានចាត់ឲ្យអភិបាលរងខេត្ត លោក អ៊ុភឿន គុណវុឌ្ឍ ដឹកនាំក្រុមការងារ ចុះប្រតិបត្តិការដើម្បីរៀបចំសណ្ដាប់ធ្នាប់ ទីប្រជុំជនផ្សារផ្អាវនេះឡើងវិញ។

ទន្ទឹមនឹងនេះ ទាំងប្រជាពលរដ្ឋ ក៏ដូចជាអាជីវករជាច្រើន មានការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់អាជ្ញាធរខេត្ត ក្នុងប្រតិបត្តិការ រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ទីប្រជុំជនផ្សារផ្អាវនេះផងដែរ។ដោយពួកគាត់អះអាងថា នឹងអស់កង្វល់រឿងគ្រោះថ្នាក់ចរាចរណ៍ ឬការកកស្ទះចរាចរណ៍ នៅក្នុងតំបន់ទីប្រជុំជនផ្សារផ្អាវ និងបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរ នឹងចរាចររបស់រថយន្តសង្គ្រោះបន្ទាន់ ក៏ដូចជារថយន្តពន្លត់អគ្គិភ័យជាដើម៕