ស្ពានហាល ដែលជាផ្លូវចូល សំខាន់ ទិសខាងលិចប្រាសាទអង្គរវត្ត ត្រូវបានផ្អាក មិនឲ្យអ្នកទេសចរឆ្លងកាត់ បន្ទាប់ពីចាប់ផ្ដើមបើកការដ្ឋានជួសជុល លើកទី២ ជាផ្លូវការកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ បើតាមការឲ្យដឹងពី លោក អន សុភាព ប្រធានគ្រប់គ្រងគម្រោងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នឹងអាចបើកឲ្យអ្នកទេសចរឆ្លងកាត់នៅចុងឆ្នាំ២០២១។

តាមការបញ្ជាក់របស់អ្នកជំនាញរូបនេះ គម្រោងជួសជុលស្ពានហាលនេះ ត្រូវបានក្រុមអ្នកបច្ចេកទេសធ្វើឡើងតាមបែបបុរាណ ដោយការជួសជុលត្រូវធ្វើដោយដៃ មិនប្រើគ្រឿងចក្រដើម្បីបុកបង្ហាប់ឡើយ ព្រោះអាចប៉ះពាល់ដល់គ្រឹះប្រាសាទ និងត្រូវការជួសជុលដោយប្រុងប្រយ័ត្នទៅតាមដំណាក់កាលនីមួយៗ។

ស្ពានបុរាណនេះ មានប្រវ៉ែងសរុប១៩៧.៤ម៉ែត្រ។ លោក បញ្ជាក់បន្ថែមថា ស្ពាននេះ ទទួលបានការជួសជុល លើក​ទី​មួយ នៅឆ្នាំ១៩៩៦ និងរួចរាល់ជាស្ថាពរនៅ២០០៧។ លើកទី២ ជួសជុលក្រោមកិច្ចការសហការអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន នៅខែឧសភា ឆ្នាំ២០១៦។

គួររំលឹកថា បច្ចុប្បន្ន ដើម្បីធ្វើដំណើរចូលប្រាសាទអង្គរវត្តបាន តាមទិសខាងលិច អ្នកទេសចរ ត្រូវឆ្លងកាត់កសិន្ធុ តាម ស្ពានអណ្តែតទឹកបណ្ដោះអាសន្ន ដែល អាជ្ញាធរជាតិអប្សរា បានដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ ស្ពានជ័រនេះ អាចទ្រទម្ងន់សរុបបាន ៤៥៧តោន ឬ អាចផ្ទុកចំនួនមនុស្សឈរលើស្ពាន ក្នុងពេលតែមួយបានជាង១ពាន់៤រយនាក់។ ស្ពានជ័រនេះ មានបណ្តោយប្រវែង ១៧០ម៉ែត្រ ទទឹង ៨ម៉ែត្រ ឬស្មើនឹង១៣៦០ម៉ែត្រការ៉េ ដោយប្រើប្រាស់ពោងជ័រអណ្តែតទឹកសរុប ៦៧២០ដុំ និងអាចប្រើប្រាស់បានរហូតដល់​ទៅ ២០ឆ្នាំ។