​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២០​នេះ​ ​ក្រុម​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​នាយកដ្ឋាន​នគរ​បាល​​ព្រហ្មទណ្ឌ​ មាន​កិត្តិយស​សូម​បំភ្លឺ​ជូន​សាធារណជន​ អ្នក​សារព័ត៌មាន​ ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្ដា​ញ​ទំនាក់ទំនង​សង្គម​ឲ្យ​បាន​ជ្រាប​ពាក់ព័ន្ធ​នឹង​ករណី​ជ្រុះ​បាត់​ជញ្ជៀន​ពេជ្រ​មួយ​វង់​ និង​ត្រូវ​អ្នក​ជិតខាង​រើស​បាន​ ទាមទារ​ប្រាក់​ចំនួន​៦០០​ដុល្លារ​ ជា​ថ្នូរ​នឹង​ការ​ប្រគល់​ជញ្ជៀន​ពេជ្រ​នោះ​មក​ម្ចាស់​ដើម​វិញ​។​

​កាលពី​យប់​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២០​ ឈ្មោះ​ យឹ​ម​ វុ​ទ្ធី​ បាន​ជ្រុះ​បាត់​ជ​ញ្ចៀ​ន​ពេជ្រ​មួយ​វង់​ដែល​មាន​តម្លៃ​២,៦៥៤​​ដុល្លារ​ ពេល​ដែល​ចត​ឡាន​នៅ​ជិត​ផ្ទះ​។​ ដល់​ពេល​ព្រឹក​ឡើង​នៅ​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២០​ ឈ្មោះ​ យឹ​ម​ វុ​ទ្ធី​ បាន​រក​ជ​ញៀន​ដែល​ខ្លួន​ពាក់​នៅ​នឹង​ដៃ​ពុំ​ឃើញ​ ហើយ​បាន​ទៅ​រក​នៅ​កន្លែង​ដែល​ខ្លួន​ចត​ឡាន​ នា​ពេល​យប់​នោះ​តែ​ពុំ​ឃើញ​សោះ​។​

​ក្រោយមក​ឈ្មោះ​ យឹ​ម​ វុ​ទ្ធី​ ក៏​សុំ​ពិនិត្យ​ទិន្នន័យ​ក្ន​ង​ Camara​ សុវត្ថិភាព​របស់​ម្ចាស់ផ្ទះ​អ្នក​ជិតខាង​ (​រើស​ជ​ញ្ចៀ​ន​បាន​)​ តែ​ត្រូវ​ម្ចាស់ផ្ទះ​បដិសេធ​ ដោយ​សំអាង​ថា​ Camera​ សុវត្ថិភាព​ខូច​។​

​លោក​បាន​បន្ត​ទៅ​សុំ​ម្ចាស់​ Camera​ សុវត្ថិភាព​អ្នក​ជិតខាង​ម្នាក់​ទៀត​ដើម្បី​ពិនិត្យ​តាមដាន​រក​អ្នក​ដែល​រើស​យក​ជញ្ជៀន​នោះ​។​ ជា​លទ្ធផល​ក្នុង​ Camera​ សុវត្ថិភាព​នោះ​បាន​ថត​ជាប់​សកម្មភាព​របស់​ឈ្មោះ​ ជើង​ សៀម​ឆេ​ង​ (​ជា​ម្ដាយ​របស់​ឈ្មោះ​ សេង​ កុ​សែន​ និង​ប្រពន្ធ​ឈ្មោះ​ លី​ ស្រី​អូន​)​ រើស​យក​ជញ្ជៀន​។​

​ឈ្មោះ​ យឹ​ម​ វុ​ទ្ធី​ បាន​ទៅ​ជួប​ឈ្មោះ​ ជើង​ សៀម​ឆេ​ង​ សាកសួរ​អំពី​ជញ្ជៀន​ តែ​ត្រូវ​គាត់​បាន​ប្រាប់​ថា​ គាត់​ពិតជា​រើស​បាន​ជញ្ជៀន​នោះ​ប្រាកដ​មែន​ តែ​គាត់​បាន​ប្រគល់​ឲ្យ​ទៅ​កូនប្រុស​របស់​គាត់​ឈ្មោះ​ សេង​ កុ​សែន​ បាត់​ទៅ​ហើយ​ ក្រោយមក​លោក​បាន​ជួប​ជាមួយ​ប្រពន្ធ​ សេង​ កុ​សែន​ ឈ្មោះ​ លី​ ស្រី​អូន​ សុំ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ដើម្បី​សុំ​ជញ្ជៀន​វិញ​ តែ​គាត់​ពុំ​ព្រម​ឲ្យ​លេខ​ទូរស័ព្ទ​ប្ដី​គាត់​ឡើយ​។​

​ឈ្មោះ​ យឹ​ម​ វុ​ទ្ធី​ បាន​ព្យាយាម​ទទូច​សុំ​លេខ​ប្ដី​គាត់​ជា​ច្រើន​លើក​រួច​មក​គាត់​បាន​ខ​ល​ទៅ​ប្ដី​គាត់​ ដើម្បី​ឲ្យ​ប្ដី​គាត់​ខ​ល​ត្រឡប់​មក​វិញ​ ពេល​នោះ​ឈ្មោះ​ សេង​ កុ​សែន​ បាន​ប្រាប់​ថា​ គាត់​បាន​លក់​ជញ្ជៀន​នោះ​ឲ្យ​ទៅ​មិត្តភក្ដិ​គាត់​ក្នុង​តម្លៃ​៦០០​ដុល្លារ​ ហើយ​បើ​ចង់បាន​ជញ្ជៀន​នោះ​វិញ​ គឺ​តម្រូវ​ឲ្យ​បង់លុយ​តាម​រយៈ​ធនាគា​ ABA​ ចំនួន​៦០០​ដុល្លារ​ ដើម្បី​យក​លុយ​ទៅ​ប្រគល់​ឲ្យ​ទៅ​មិត្ត​ភ័​ក្រ​ខ្លួន​វិញ​ ពេល​នោះ​ឈ្មោះ​ យឹ​ម​ វុ​ទ្ធី​ បាន​សួរ​គាត់​ថា​មិត្តភក្ដិ​គាត់​នៅ​ទីណា​,​ ឈ្មោះ​អី​ក៏​គាត់​មិន​ប្រាប់​ដែរ​ គឺ​គាត់​មាន​ចេតនា​និយាយ​ពង្វៀង​។​

​លុះដល់​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២០​ ឈ្មោះ​ យឹ​ម​ វុ​ទ្ធី​ បាន​សម្រេច​ដាក់​ពាក្យបណ្ដឹង​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ និង​អនុវត្ត​នីតិវិធី​។​

​បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នា​ន​រៀបចំ​កសាង​សំណុំរឿង​នីតិវិធី​តាម​ផ្លូវច្បាប់​ និង​បាន​ស្នើ​សុំ​ការ​អង្កេត​បឋម​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ សង្ឃឹមថា​ សាធារណជន​ អ្នក​សារព័ត៌មាន​ និង​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​មេត្តា​ទទួល​ជ្រាប​ជា​ព័ត៌មាន​ និង​សូម​មេត្តា​កុំ​ធ្វើការ​សន្និដ្ឋាន​ វាយតម្លៃ​ រឿងហេតុ​ដោយ​ពុំ​មូលដ្ឋាន​ ភស្តុ​តាង​ និង​ការ​ស៊ើប​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​៕