ក្រសួងបរិស្ថានបានប្រកាសឱ្យដឹងថា ទិវាឧទ្យានុរក្សពិភពលោក បានប្រារព្ធឡើងចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ ដោយកំណត់យកថ្ងៃទី៣១ ខែកក្កដា ជារៀងរាល់ឆ្នាំ។

ប្រភពខាងលើឱ្យដឹងបន្តថា ការចាប់ផ្តើមប្រារព្ធទិវាឧទ្យានុរក្សពិភពលោកលើកដំបូង ត្រូវបានប្រារព្ធឡើងចំថ្ងៃខួបលើកទី១៥ នៃការបង្កើតសហព័ន្ធឧទ្យានុរក្សអន្តរជាតិថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៧។ សម្រាប់ប្រទេស​កម្ពុជា ក្រសួងបរិស្ថានបានប្រារព្ធទិវានេះឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយមានការចូលរួមពីបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ព្រះសង្ឃ សិស្សានុសិស្ស សហគមន៍មូលដ្ឋាន សាធារណជន និងស្ថាប័ន ឯកជននានាយ៉ាងច្រើន។

ការដែលក្រសួងបរិស្ថានប្រារព្ធទិវាឧទ្យានុរក្សពិភពលោក ឡើងក្នុងគោលបំណង៖
១-ផ្តល់គុណតម្លៃ និងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស ដែលបានតស៊ូលះបង់ និងបូជាជីវិតដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។

២ -លើកកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីតួនាទីរបស់មន្រ្តីឧទ្យានុរក្សនៅព្រះរាជាណាចក្រកម្ពុជា អំពីការតស៊ូលះបង់របស់មន្រ្តីឧទ្យានុរក្សក្នុងការថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន ប្រកប ដោយសេចក្តីអង់អាចក្លាហាន។

៣-ជំរុញនិងលើកទឹកចិត្តសាធារណជនចូលរួមជាមួយនឹងមន្រ្តីឧទ្យានុរក្ស ដើម្បីការពារ និងគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព ៕