ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ និង ទៅថ្ងៃខាងមុខទៀត ផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩នេះ គឺពិតជាពិបាកធ្វើការវាយតម្លៃឲ្យបានប្រាកដប្រជា អំពីស្ថានភាពវិវត្តន៍ជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ១៩ រួមជាមួយនឹងការចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹត​ត្បិតនានា ពិសេសការចាប់ផ្តើមអនុញ្ញាតឲ្យមានការដើរហើរក្នុងប្រទេសដោយសេរី និងការចាប់ផ្តើមបើកទ្វារអាជីវកម្មជាបន្តបន្ទាប់ ដើម្បីបន្ឋូរភាពតានតឹងនៃសេដ្ឋកិច្ចដែលរាំងស្ទះជាង៧ខែមកហើយឱ្យមានដំណើរការជាជំហានៗទៅតាមស្ថានភាពជាក់ស្តែង ជាមួយការបន្តការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះការបណ្ដុះបណ្ដាលជន​បង្គោល ដើម្បីជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ គឺជាការអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ចំពោះវិធានសុវត្ថិភាពទេសចរណ៍ផ្សេងៗ និងវិធានការដទៃទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានណែនាំកន្លងមក ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍បន្ថែមថា សម្រាប់អាជីវកម្មសេវាកម្មក្នុងខេត្តសៀមរាបទាំងអស់ ត្រូវចូលរួមគោរពអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីអនុវត្តតាម «គោលការណ៍ណែនាំថ្មីៗ» ទាំងសម្រាប់មូល​ដ្ឋានអាជីវកម្ម ដែលកំពុងដំណើរការ និងមូលដ្ឋានអាជីវកម្មដែលបានផ្អាក ឬបិទទ្វារ នៅពេលដែលមានការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ទោះបីជាអាចប្រឈមនឹងកត្តាមិនអំណោយផលមួយចំនួន ដូចជាលទ្ធភាពក្នុងការទទួលភ្ញៀវបានចំនួនតិចជាងមុន និងការចំណាយប្រតិបត្តិការខ្ពស់ជាងមុនក៏ដោយ ដើម្បីធានានូវសុវត្ថិភាពសម្រាប់គ្រប់ភាគី ទាំងភ្ញៀវ និងបុគ្គលិក ទាំងដៃគូពាក់ព័ន្ឋ ក្នុងគោលបំណងរក្សាឲ្យបាននូវទំនុកចិត្ត របស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចំពោះគុណភាពសេវាកម្មរបស់យើង ជាសំខាន់ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩នេះ ស្របតាមពាក្យស្លោក «សុវត្ថិភាពរបស់អ្នក ជាភារកិច្ចរបស់យើងខ្ញុំ »។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលជន​បង្គោល ដើម្បីជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងដំណាក់កាល​វិបត្តិជំងឺឆ្លងកូវីដ១៩ ដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ដោយមាន​ការចូលរួមពីសំណាក់ឯកឧត្តម គឹម សេរីរ័ត្ន អគ្គលេខាធិការរង គណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និង​ជាប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ នៃក្រសួងទេសចរណ៍ , លោក​ ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ , អភិបាលរងក្រុង ស្រុក និងតំណាងប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តប្រមាណជិត ២០០នាក់ ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានប្រធានបទសំខាន់ៗចំនួន០៣ ដែលត្រូវបានលើកមកបង្ហាញ រួមមាន ៖ ១- បទបង្ហាញ ស្ដីពីវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ស្នាក់នៅទេសចរណ៍ និងវិធានសម្រាប់សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន , ២- បទបង្ហាញ ស្ដីពីការគ្រប់គ្រងទិន្នន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍ តាមប្រព័ន្ធតេឡេក្រាម ( Telegram ) ( BOT ) ក្នុងដំណាក់កាលកូវីដ១៩ និង ៣- បទបង្ហាញ ស្តីពីការពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គម តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយហានិភ័យ នៃការរីករាលដាលជំងឺកូវីដ១៩ ៕