កំពង់ស្ពឺ ៖ រសៀលថ្ងៃ ពុធ ១រោច ខែសាពណ៌ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០​២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹងនាំដោយ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កួច ចំនួន ៥២គ្រួសារ  ( ធ្ងន់៦ គ្រួសារ,មធ្យម២៣ និងស្រាល ២៣គ្រួសារ ) ស្ថិតនៅឃុំកាត់ភ្លុក ចំនួន២៩ខ្នង និងឃុំបសេដ្ឋ ២៣ខ្នង ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធាន គណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ច​កាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តមបានបន្តទៀតថាក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងរូបឯកឧត្តមផ្ទាល់ សូមចូលរួមសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង និងធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋដោយគ្រោះធម្មជាតិ​ខ្យល់កន្ត្រាក់នេះ។ អំណេះតទៅមុខសូមបងប្អូនខិតខំធ្វើការងារធ្វើស្រែចំការ ចិញ្ចឹមសត្វ និងរកការងារធ្វើ បានប្រាក់ចំណូល ដើម្បីស្ដារជីវភាពគ្រួសារឲ្យល្អប្រសើរវិញ។

សម្ភារៈដែលបានផ្តល់ជូនគ្រួសារដែលរងគ្រោះរួមមាន៖ អង្ករ មី ត្រីខ ប្រេងឆា ទឹកត្រីទឹកស៉ីអ៉ីវ នំធុង ទឹកដោះគោ តង់ ឃីត និងថវិកាមួយចំនួនទៀតផងដែរ៕