សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអនុញ្ញាតឱ្យ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា បានអរគុណចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលលើកឡើងអំពីកិច្ចសហប្រតិបត្តិការកងទ័ពនៃប្រទេសទាំងពីរ កម្ពុជានិងឥណ្ឌា ក៏ដូចជាកិច្ចសហប្រតិបត្តិការកងរក្សាសន្តិភាពទាំងពីរ។ លោកជំទាវ បានបញ្ជាក់ថា ឥណ្ឌាបានតាំងចិត្តយ៉ាងខ្ពស់ក្នុងការសហការជាមួយនឹងកម្ពុជា ក្នុងកិច្ចការការពារជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការកងរក្សាសន្តិភាព។

នៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា និងរដ្ឋមន្ត្រីការពារជាតិឥណ្ឌា មកកម្ពុជា កាលពីឆ្នាំ២០១៨ ក្នុងអំឡុងពេលនោះ មានគម្រោងជាច្រើនដែលយើងបានគ្រោងទុកធ្វើជាមួយគ្នា ហើយក្នុងគម្រោងខ្លះ ក៏កំពុងដំណើរការនិងចេញផ្លែផ្កា។ ជាក់ស្តែងក្នុងថ្ងៃនេះក៏យើងមានពិធីសារចុះហត្ថលេខានូវទឹកប្រាក់ចំនួន ១.៥ លាន ដុល្លា ដែលជាជំនួយឥណ្ឌទានពីប្រទេសឥណ្ឌា។ លោកជំទាវ បានបន្តថា ខណៈពេលនេះ យើងកំពុងពិនិត្យអំពីការស្នើសុំសុខនសម្រាប់ហិតគ្រឿងផ្ទុះ ដែលមុននេះឥណ្ឌាបានផ្តល់ឲ្យចំនួន ១៥ក្បាលរួចមកហើយ ហើយឥឡូវកំពុងពិភាក្សានិងជជែកគ្នា ដើម្បីផ្តល់ជូនដល់កម្ពុជាបន្ថែមទៀត។ ឥណ្ឌាមានការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការជាមួយនឹងកម្ពុជា លើផ្នែកបណ្តុះបណ្តាលធនធានមនុស្ស នៅលើផ្នែកកងរក្សាសន្តិភាព និងកម្មវិធីជាច្រើនទៀតក្នុងការពង្រឹងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល ក្រសួងការពារជាតិ និងស្ថានទូតឥណ្ឌា ដែលតែងតែមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការកសាងអភិវឌ្ឍន៍ជាតិកម្ពុជា ជាពិសេសការផ្តល់ជំនួយសុខនហិតមីន សម្ភារៈ និងការជួយបណ្តុះបណ្តាលធនធានមនុស្សដល់ ខ.ភ.ម និងដល់កងរក្សាសន្តិភាពកម្ពុជា។

សម្តេចពិជ័យ បានបញ្ជាក់ថា ឥណ្ឌា ជាប្រទេសមួយដែលតែងមានកិច្ចសហប្រតិបត្តិការយ៉ាងស្និតជាមួយនឹងកម្ពុជា ជាពិសេសក្នុងកិច្ចប្រតិបត្តិការបំពេញបេសកកម្មរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិនៅម៉ាលី ឥណ្ឌាក៏បានជួយដល់កងទ័ពមួកខៀវកម្ពុជា ដែលបោះជំរុំនៅជិតនោះផងដែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការ និងការរឹតចំណងមិត្តភាព និងសាមគ្គីភាពយ៉ាងជិតស្និតជាបន្តទៅទៀតជាមួយនឹងប្រទេសឥណ្ឌា។

នៅក្នុងឱកាសនោះដែរ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណ​រដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដើម្បីធ្វើលទ្ធកម្មសម្ភារៈដោះមីន ស្ថិតក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមនិងឯកឧត្តម អស់លោកនាយទាហានជាន់ខ្ពស់ក្នុងក្រសួងការពារជាតិកម្ពុជា និងមន្ត្រីស្ថានទូតឥណ្ឌាប្រចាំកម្ពុជាជាច្រើនទៀត៕