(មណ្ឌលគិរី)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មការអន្តរក្រសួង អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងបឋមផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ក្នុងគោលបំណងជំរុញឱ្យវិស័យទេសចរណ៍ក្នុងខេត្តនេះ អាចទាក់ទាញបានទេសចរបានកាន់តែច្រើនបន្ថែមទៀត ដើម្បីរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម និងបង្កើតការងារជូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី តំណាងស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ អង្គការជាតិ និងអន្តរជាតិ សិក្ខាសាលានេះបាន ផ្តោតការយកចិត្តទុកដាក់ផ្តល់យោបល់ទៅលើចំណុចសំខាន់ៗដូចជា៖ ការកំណត់ចក្ខុវិស័យអភិវឌ្ឍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី, ការកំណត់តំបន់អាទិភាព (Zoning) សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍, ការកំណត់ទិសដៅយុទ្ធសាស្ត្រ អាទិភាពសំខាន់ៗ និងការកំណត់យន្តការស្ថាប័ន​អនុវត្តផែនការមេជាដើម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ថោង ខុន បានផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងបឋមផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដូចជា៖ ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវគោរពតាមអភិក្រមនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងការទទួលខុសត្រូវ ដើម្បីបានជាប្រយោជន៍សេដ្ឋកិច្ចសង្គម និងប្រជាពលរដ្ឋមូលដ្ឋានរួមចំណែកដល់ការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ ពិសេសរក្សាបាននូវអត្តសញ្ញាណដើមរបស់ខេត្តមណ្ឌលគិរី។

ការអភិវឌ្ឍត្រូវឆ្លើយតបទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិ ឆ្នាំ២០២០-២០៣៥ និងបណ្តាឆ្នាំខាងមុខ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។

កំណត់វិសាលភាពនៃសកម្មភាពវិនិយោគ-អភិវឌ្ឍនៅតំបន់ដែនជម្រកសត្វព្រៃទាំង៥ គឺដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក និងរបៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ ដោយលើកទឹកចិត្តឲ្យមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ភ្ជាប់ជាមួយទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច។

អាជ្ញាធរខេត្តគ្រប់សមត្ថកិច្ចគ្រប់កម្រិត និងជំនាញ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ដីព្រៃជាកម្មសិទ្ធិឯកជន។

ធ្វើការការចុះបញ្ជីរមណីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្តឱ្យបានរួសរាន់ ដើម្បីធានានិរន្តរភាព ប្រសិទ្ធភាពនៃការប្រើប្រាស់ និងអភិវឌ្ឍតំបន់ទាំងអស់នេះ។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញ ដល់រដ្ឋបាលខេត្តត្រូវបន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ឲ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ឲ្យបានម៉ឺងម៉ាត់ ពិសេសក្នុងខណៈដែលទេសចរក្នុងស្រុកកំពុងតែមានការរីកចំរើន ហើយខាងមុខនេះនៅពេលដែលឈប់សម្រាករយៈពេលវែងត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត និងផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាព និងអនាម័យ ៕