បន្ទាយមានជ័យ៖ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភារដ្ឋសភាមណ្ឌលបន្ទាយមានជ័យ និងឯកឧត្តម អភិបាលខេត្ត កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២០បានអញ្ជើញចុះសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ចាស់ជរា ទីទាល់ក្រ ស្រ្តីមេម៉ាយកូនច្រើន និងបាននាំយកអំណោយមនុស្សធម៌ មកចែកជូន ដល់បងប្អូនខ្វះខាតស្បៀង ក្នុងកាលៈទេសៈការរាតត្បាតនៃជំងឺកូវីដ ១៩ និងការផ្ទុះរីករាលដាលនៃជំងឺឈីក និងគ្រុនឈាម។ ក្នុងនោះបងប្អូនប្រជាពលរដ្ឋដែលត្រូវបានទទួលអំណោយ នាថ្ងៃនេះសរុបចំនួន ៥០ គ្រួសារ ក្នុងឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២០ គីឡូ មី ១ កេស ទឹកស៊ីអុីវ ១ យួរ ទឹកត្រី ១ យួរ សាប៊ូលុច ៤ដុំ ថវិកា ១ម៉ឺនរៀល។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់ពីសួរទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ទិសទី មិនថាទីជិតក្តី ឆ្ងាយក្តី។

ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍បន្តថា អំណោយដែលបានយកមកប្រគល់ជូន នាពេលនេះគឺដោយមានការចូលរួមបរិច្ចាគផ្ទាល់ពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធ រដ្ឋសភា និងរដ្ឋបាលខេត្តដែលជាការខិតខំប្រមូលផ្តុំកម្លាំង កៀងគរធនធាន សម្រាប់ទ្រទ្រង់ជួយដល់បងប្អូនប្រជាពលរដ្ឋកំពុងខ្វះខាតស្បៀង ដោយ​យោងតាមអនុសាស្រ្តដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គឺមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារនោះឡើយ ជៀសនេះទៀតគោលបំណងរួមគឺបង្ការសម្រាលទុក្ខ លំបាកគ្រប់ការឈឺចាប់ ដោយមិនលំអៀងគ្មានការបែងចែកអំពីសញ្ជាតិ ពូជសាសន៍ ភេទ វណ្ណៈ ជំនឿសាសនា ឬ និន្នាការនយោបាយអ្វីឡើយ​។

ឯកឧត្តម អភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើរផងដែរថា ៖ អំណោយដែលបានផ្តល់ជូន នាថ្ងៃនេះគឺជាការជួយសម្រាលផ្នែកជីវភាព បានមួយរយៈពេលខ្លីប៉ុណ្ណោះ ដូចនេះសូមបងប្អូនខិតខំ ដាំបន្លែបង្ការួមផ្សំ ចិញ្ជឹមសត្វ ត្រី ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារបានមួយកម្រិតទៀត។ ចុងក្រោយ សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម បង្ការទប់ស្កាត់ ការពារការរីករាលនៃជំងឺកូវីដ ១៩ បន្តទៀត និងចូលរួមបង្ការការពារនៃជំងឺថ្មីមួយទៀត ដែលគេហៅថា ជំងឺឈីក ដែលបង្កឡើងពីសត្វមូសខ្លាញីជាមេរោគចម្លងយ៉ាងលឿនផងដែរ។