ខេត្តស្ទឹងត្រែង: ជនជាតិដើមភាគតិចព្រៅ នៅភូមិការតូតឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែង បានរៀបចំទៅតាមទំនៀមទម្លាប់របស់ខ្លួននាំគ្នាសែនព្រេន ឡើងក្បាលស្រែដល់អ្នកតាភ្នំ ដើម្បីសុំសេចក្តីសុខ បង្ហាញពីប្រពៃណី សំរាប់ឲ្យកូនចៅជំនន់ក្រោយបានស្គាល់ និងជួយបន្តអភិរក្ស។
លោកវណ្ណវែង គណៈកម្មការសមាគមន៍ជំជាតិព្រៅតំណាងឱ្យចាស់ទុំ (មេកន្ទ្រាញជនជាតិព្រៅ)ដឹកនាំពិធីសែនឡើងក្បាលស្រែដល់អ្នកតាភ្នំបានបញ្ជាក់ថា៖ពិធីសែនព្រេននេះ បងប្អូនជនជាតិព្រៅ ក្នុងភូមិសុំឱ្យមានសេចក្តីសុខចម្រើនកូនចៅរស់នៅក្នុងភូមិកុំឱ្យកើយជម្ងឺឈឺថ្កាត់ ទោះបីថាផ្នែក សម្ភារៈ សំលៀកបំពាក់ ភាសា ត្រូវបានប្រែក្លាយអស់ទៅហើយក៍ដោយ តែពិធីសែនព្រេននេះមិនបោះបង់ទេ។
លោកបន្ថែមថា៖តាំងពីឆ្នាំ១៩៩០មក បងប្អូនជនជាតិមួយចំនួន បានបាក់បែងចែកភូមិទៅរស់នៅផ្សេងៗពីគ្នាតែការគោរពប្រពៃណីរបស់ជនជាតិ (ព្រៅ -ព្នង -គួយ -ទំពួន -ចារាយ- ស្ទៀង- គ្រឹង)បានធ្វើពិធីនេះដូចគ្នាជាពិសេសការសែនព្រេនឡើងក្បាលស្រែសុំឱ្យដំណាំ ស្រែចំការ ច្បារដំណាំចៀសផុតពីសត្វចង្រៃស៊ីបំផ្លាញដើម្បីបាកភោគផលច្រើន។
លោក តា យុងងន អាយុ៨៥ឆ្នាំ ជនជាតិព្រៅនៅភូមិការតូតនេះបានលើកឡើងថា៖ពិធីនេះមិនខុសពីបងប្អូនខ្មែរធ្វើពិធីសែនព្រេននៅតាមចំការនោះទេ គ្រាន់បងប្អូនជនជាតិ បាននាំគ្នាធ្វើនៅរោងអ្នកតា ជាទីកន្លែងគោរពបូជា និងធ្វើផ្តុំគ្នាមិនមែនធ្វើម្នាក់ម្តងទេ។
លោកតាថា៖ លើកនេះក៍ដូចសព្វដងដែរ មេកន្ទ្រាញតែងកោះហៅទាំងក្មេងចាស់ប្រុសស្រី ប្រមូលគ្នាយកអាហារ នំចំណី មកជួបជុំសែនព្រេន នៅចំពោះមុខអ្នកតាភ្នំ មានមាន់ អង្ករ បង្អែម អន្សម យកមកថ្វាយអារក្ស អ្នកតា៣-អារក្ស៤ ដូចថា អារក្សនាងតែង អ្នកតា ចំការ(នាងណយ) អ្នកតាស្រែ(តាដាំឌួង) គេហៅគេប្រាប់ឈ្មោះ ដើម្បីជួយឱ្យបានសុខសម្បាយទាំងអស់គ្នា។
អ្នកស្រីវេង សារឿន ជាជនជាតិព្រៅនៅភូមិនេះដែរបានបញ្ជាក់ថា៖ កូនចៅជនជាតិមិនដែលមើលរំលង ប្រពៃ​ណី​​ទេ តែងគោរពតាមចាស់ទំដឹកនាំ ធ្វើពិធីដែនព្រេនជារៀងរាល់ឆ្នាំ ព្រោះនិយមថាពេលធ្វើហើយទទួលបានសេចក្តីសុខចម្រើន ក្នុងការរស់នៅ និងដំដុះណាំដាំផ្សេងៗដាក់ចុះដុះឡើងបានផ្លែផ្កា ។
សូមបញ្ជាក់ថា៖ បងប្អូនជនជាតិធ្វើពិធីសែនឡើងក្បាលស្រែ អ្នកតាភ្នំនេះគឺសុំសុខចម្រើន – សែនស្រូវឡើង​ជង្រុកទុកភោគផលឱ្យគង់វង្ស-សែនប្រយុងស្រែឱ្យអ្នកតាជួយការពារកុំឱ្យមានសត្វចង្រៃយារយីរ-នឹង​សែនលាបំណន់សងកុំឱ្យមានជាប់ជំពាក់បំណុលជាដើម៕