បរិមាណទឹកភ្លៀងដែលបានធ្លាក់ជាបន្តបន្ទាប់ក្នុងកម្រិតមធ្យម២២៣,២ មម ក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបណ្ដាលមានជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួនដូចជា ផ្លូវ និងប្រព័ន្ធធារាសាស្រ្ត តែពុំបានបង្កអោយមានផលប៉ះពាល់ដល់ផលដំណាំ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនោះទេ។ នេះបើតាមអោយដឹងពីលោក ញើន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានអោយដឹងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។
លោក ញើន កួន បានអោយដឹងថា កំរិតទឹកភ្លៀងធ្លាក់ចាប់ពីថ្ងៃទី៥-៩ ខែសីហា ឆ្នាំ២០២០នេះ នៅក្នុងស្រុកត្រពាំងប្រាសាទ មេឃភ្លៀងធ្លាក់ក្នុងកំរិត ២៦០មម ដែលធ្វើអោយស្ថានភាពទឹកនៅតាមតំបន់អាងស្តុកទឹកមួយចំនួនមានទឹកឡើងពេញ ហើយបានហូរធ្លាក់ទៅផ្នែកខាងក្រោមធ្វើអោយអាងស្តុកទឹកមួយចំនួនហក់ឡើងជាជំហុកជិតដល់កំរិតប្រកាសអាសន្ន។
លោកបន្តថា ជាមួយគ្នានោះដែរ កំរិតទឹកភ្លៀងធ្លាក់ ១១៨មម នៅស្រុកអន្លង់វែង ហើយរួមនឹងសំពាធទឹកហូរមកពីតំបន់ខាងលើ នៃស្រុកត្រពាំងប្រាសាទ រហូតដល់ព្រឹក ថៃ្ងទី១០ ខែសីហា ឆ្នាំ២០២០នេះ ធ្វើអោយ ស្ថានភាពទឹកអាងបឹងតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៨៣ម៉ែត្រ នៅលើសកម្ពស់អោយ​មានការប្រុងប្រយ័ត្ន០,៣៨ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ៤,២០ម៉ែត្រ។ ហើយក្នុងនោះ ផ្លូវមួយខ្សែរស្ថិតនៅភូមិទួលប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានទឹកជំនន់ភ្លៀងជន់លិចប្រវែង ៤០​ម៉ែត្រ ជាហេតុមិនធ្វើចរាចរបាន ហើយនៅពេលនេះ អាជ្ញាធរ និងសមត្ថកិច្ចស្រុកអន្លង់វែង កំពុងចុះអន្តរាគមន៍ជួយផងដែរ។
លោកបន្ថែមថា ខណៈពេេលនេះ លោកកំពុងប្រចាំការនៅបឹងតាម៉ុក ហើយលោកបានអោយក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រើប្រាស់គ្រឿងចក្រ កកាយដើមឈើ និងពពួកវារីរុក្ខជាតិ (ពើក) ដែលហូរធ្លាក់មកធ្វើអោយកកស្ទះរន្ធស្ពានអូរជីក និងទ្វារទឹក ស្ថិតនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីសម្រួលអោយចរន្តទឹកហូរធ្លាក់ ពីអាងទឹកបឹងតាម៉ុក ទៅអាងស្តុកទឹកនៅផ្នែកខាងក្រោម ព្រោះដីស្រែរបស់ប្រជាពលរដ្ឋមួយខ្វះខាតទឹក ហើយនៅពេលនេះ ដីស្រែរបស់ពួកគាត់បានទឹកប្រើប្រស់គ្រប់គ្រាន់។