ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ថា ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅខេត្តសៀមរាបឆ្នាំ២០២០នេះ សម្រេចបានសរុបជិត១៩ម៉ឺនហិកតា ស្មើនឹង១០១,៤៧ភាគរយនៃផែនការ ក្នុងនោះស្រូវស្រាលអនុវត្តបានជាង៤ម៉ឺនហិកតា , ស្រូវកណ្តាលជាង១ម៉ឺនហិកតា និងស្រូវធ្ងន់បានជាង៣ម៉ឺន៥ពាន់ហិកតា

ខណៈដែលស្រុកពួកអនុវត្តបានជាង២ម៉ឺន៥ពាន់ហិកតា ហើយកំពុងច្រូតកាត់ប្រមូលផលស្រូវស្រាលបានប្រមាណជា២០០ហិកតាហើយ លើផ្ទៃដីស្រូវស្រាលជិត៣ពាន់ហិកតា ដែលទិន្នផលក្នុង១ហិកតា២,៥តោន និង ក្រុងសៀមរាប ក៏កំពុងមានសកម្មភាពប្រមូលផលស្រូវស្រាលផងដែរ លើផ្ទៃដីប្រមាណជា៤៥០ហិកតាហើយ ក្នុងចំណោមផ្ទៃដីដែលអនុវត្តបាន ជាង៤.០០០ហិចតា ដែលទិន្នផលប្រហែលជា៣,៥តោនក្នុងហិកតា។លោក ទា គឹមសុទ្ធ មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសនៃការចុះពិនិត្យមើលសកម្មភាពច្រូតកាត់ប្រមូលផលស្រូវនៅឃុំសំរោងយា ក្នុងស្រុកពួក កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ។

លោក ទា គឹមសុទ្ធ មានប្រសាសន៍បន្ថែមថា នៅក្នុងអំឡុងពេលដើមរដូវនៃការប្រមូលផលស្រូវស្រាលនេះ តម្លៃស្រូវកំពុងស្ថិតក្នុងអត្តសញ្ញាណដ៏ល្អប្រសើរ គឺពួកគាត់លក់ស្រូវសើមបានពី៨០០ ទៅ ៨៥០រៀលក្នុង១គីឡូក្រាម បើជាស្រូវស្ងួតវិញពួកគាត់អាចលក់បានពី១.១០០ ទៅ ១.២០០រៀលក្នុង១គីឡូក្រាម គឺវាខុសគ្នាកាលពីឆ្នាំមុន ដែលពួកគាត់លក់ស្រូវស្ងួត បានតែពី៦៥០ ទៅ ៧០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម ដែលនេះគឺជាកាលានុវត្តភាពសម្រាប់កម្ពុជា ឈោងចាប់យកឱកាសទីផ្សារកសិផលលើវិស័យស្រូវអង្ករ ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ ។

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានបង្ហាញនូវការជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃនៃប្រមុខរាជរដ្ឋាភិបាល ដែលជំរុញបានទាន់ពេលវេលាលើវិស័យកសិកម្មកម្ពុជា ខណៈពេលដែលពិភពលោកកំពុងទទួលរងវិបត្តិកូវីត១៩ ដែលស្រូវអង្ករ គឺជាប្រភពស្បៀងមិនអាចខ្វះបាន ជាក់ស្តែងសហគមន៍អ៊ឺរ៉ុបនៅតែបន្តបញ្ជាទិញ ហើយដែលជាពិសេសនោះគឺប្រទេសចិន ដោយឡែកប្រទេសវៀតណាមក៏មានតម្រូវការខ្ពស់ក្នុងការនាំចូលស្រូវអង្ករពីកម្ពុជា ដូច្នេះស្រូវអង្ករកម្ពុជា សង្ឃឹមថាមិនមានហានីភ័យលើតម្លៃធ្លាក់ចុះនោះឡើយ ៕