ខេត្តបាត់ដំបង៖ កសិករដាំដំឡូងមីនៅក្នុងស្រុករតនមណ្ឌល ត្អូញត្អែរពីការផលិតបានផលហើយតែតម្លៃចុះថោកជាងឆ្នាំមុនៗរហូតមួយភាគពីរនិងគ្មានទីផ្សារ។

ប្រជាកសិករដែលជាអ្នកដាំដំណាំដំឡូងមីនៅចំណុចភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល បានអោយអ្នកយកព័ត៌មានយើងដឹងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ថា លោកមានផ្ទៃដីទំហំជិត១០០ហិកតា ហើយពេលនេះលោកកំពុងប្រមូលផលដំឡូងមីចំនួនតែ១៧ហិកតាទេ ហើយឆ្នាំនេះទទួលបានផលខ្ពស់គួរសមប៉ុន្តែបែរជាឈ្មួញដែលធ្លាប់អង្វរសុំទិញគេមិនចង់យកភ្នែកមើលនិងអោយតម្លៃថោកមួយភាគពីរបើធៀបទៅនឹងឆ្នាំមុនៗ។

ដោយឆ្នាំមុនឈ្មួញមកទទួលទិញក្នុងតម្លៃ២បាតទៅ២.៣បាតក្នុង០១គីឡូក្រាម តែឆ្នាំនេះដំឡូងធ្លាក់ថ្លៃនៅសល់ត្រឹមតែ១.៣បាតក្នុង០១គីឡូក្រាមហើយតម្រូវអោយយើងដឹកដល់សៃឡូទៀតផង តែបើសិនបានតម្លៃត្រឹម២បាតឬ២បាតជាងពលរដ្ឋភូមិនេះមិនសូវជំពាក់អង្គការនោះទេបើធៀបឆ្នាំនេះទៅនិងឆ្នាំមុនខុសលុយគ្នាច្រើនណាស់ដែលម្នាក់ៗក្នុងមួយចំការៗរាប់រយតោន ដែលទទួលយកមិនបាន ដោយគ្រាន់តែទូទាត់ទៅលើសេវាឈ្នួល ពូជ ថ្លៃជី និងថ្លៃកម្មករក៏មិនអាចទូទាត់បានផង។

ជាមួយការលើកឡើងខាងលើលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង ខាងសារព័ត៌មានយើងមិនអាចធ្វើការទំនាក់ទំនងបានទេនៅរសៀលថ្ងៃនេះដោយទូរស័ព្ទចូលមិនមានអ្នកលើក។

បើកទោះបីជាយ៉ាងណា ប្រជាកសិករក៏បានអំពាវនាវនិងសំណូមពរទៅដល់មន្ទីរក្រសួងជំនាញពាក់ព័ន្ធ ពិសេសរដ្ឋាភិបាលជួយរកទីផ្សារនាំកសិផលដែលកសិករផលិតបានលក់ចេញនិងតម្លៃសមរម្យផង។