(ភ្នំពេញ)៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ កម្ពុជាបានសម្រេចការនាំចេញអង្ករគ្រប់ប្រភេទចំនួន ៤៤៨ ២០៣តោន ដែលមានកំណើនជាង៣១% បើប្រៀបធៀបទៅរយៈពេលដូចគ្នាឆ្នាំ២០១៩ និងគិតជាទឹកប្រាក់មានចំនួនសរុប ២៩៩.៩០ លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី០២ ខែកញ្ញានេះ។

ក្នុងរយៈពេល៨ខែនេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសចិនបានចំនួន ១៥៩២៥៣តោន, សហគមន៍អ៊ឺរ៉ុបបានចំនួន ១៤៩ ៨៤៨ តោន, បណ្តាប្រទេសសមាជិកអាស៊ានបានចំនួន ៦០៩៣៣តោន ហើយនឹងបណ្តាប្រទេសផ្សេងៗចំនួន២៦ គោលដៅ រួមមាន ហ្កាប៊ុង អូស្ត្រាលី ជាដើម មានចំនួន ៧៨១៦៩តោន។

បរិមាណនាំចេញប្រភេទអង្ករគ្រាប់វែង (Indica rice) នេះបានធ្វើអោយកម្ពុជាមានចំណែក នៅក្នុងទីផ្សារ សហគមន៍ អ៊ឺរ៉ុបលំដាប់លេខពីរ បន្ទាប់ពីប្រទេសថៃ ដោយកាន់កាប់ចំណែកទីផ្សារ ២៤.៤% ខណៈប្រទេសថៃកាន់ចំណែក ២៩.៦% ហើយប្រទេសកម្ពុជាក៏ឈរជើងលំដាប់ទី៥ បន្ទាប់ពីវៀតណាម មីយ៉ាន់ម៉ា ប៉ាហ្គីស្ថាន និងប្រទេសថៃ ដោយកម្ពុជាមានចំណែកទីផ្សារ ប្រមាណជិត១១% នៃទីផ្សារអង្ករនាំចូលទៅកាន់ប្រទេសចិន លើប្រភេទអង្ករគ្រាប់វែង(Indica-Long grain) បើទោះជាអង្ករកម្ពុជា ទើបឈានចូលទៅកាន់ទីផ្សារប្រទេសចិននៅក្នុងឆ្នាំ២០១១ក៏ដោយ តែបានទទួលនូវកំណើនយ៉ាងឆាប់រហ័ស ជាពិសេសប្រភេទអង្ករក្រអូបបានកើនជាង៨០% នៅឆ្នាំ២០១៩ ដែលកាលពីឆ្នាំ២០១៥ មានត្រឹមតែ ៤៥.៣% តែប៉ុណ្ណោះ ។

ទីផ្សារអង្ករកម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលីកំពុងមានសន្ទុះយ៉ាងខ្លាំងផងដែរ ក្នុងរយៈពេល៨ខែ នៅក្នុង២ឆ្នាំចុងក្រោយនេះ ដែលកើនឡើងចំនួន ៩៤៦.២៧% ពោលគឺ ពី១៩៩៩ តោន ក្នុងឆ្នាំ២០១៨ ទៅដល់ ២០៩១៥ តោន ក្នុងឆ្នាំ២០២០។ប៉ុន្តែសម្រាប់ខែសីហាឆ្នាំ ២០២០នេះ ការនាំចេញបានធ្លាក់ចុះប្រមាណជាង ៣៤% បើប្រៀបធៀបរយៈពេលដូចគ្នា ទៅឆ្នាំ២០១៩។ ការធ្លាក់ចុះ ដែលជាពិសេសទៅលើអង្ករ ប្រភេទស្រូវសែនក្រអូប បានធ្លាក់ចុះ៨៥.៧៨% ដែលកាលពីខែសីហាឆ្នាំ២០១៩ ការនាំចេញបានរហូតទៅដល់ ១៦ ៣៨៦ តោន តែក្នុងខែសីហា ឆ្នាំ២០២០នេះបានត្រឹមតែ ២ ៣៣៨ តោនប៉ុណ្ណោះ។សហព័ន្ធស្រូវអង្ករបន្តថា ការធ្លាក់ចុះនៃការនាំចេញអង្ករប្រភេទស្រូវប្រាំង ជាពិសេសស្រូវសែនក្រអូបនេះ ដោយសារកត្តាចម្បងចំនួន២ រួមមាន៖

១៖ កត្តាបម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យស្រូវប្រាំងដែលបានដាំដុះក្នុងខែឧសភា ហើយត្រូវប្រមូលផលនៅចុងខែកក្កដា និងសីហា បានខូចខាតមួយចំនួនធំ ហើយដោយសារគ្រោះរាំងស្ងួត (កូនរដូវប្រាំងក្នុងរដូវវស្សា នៅក្នុងខែមិថុនា និងសីហា) បានជំរុញឱ្យកសិករដាំដុះឡើងវិញ ជាពិសេសវាលស្រែដែលនៅឆ្ងាយពីប្រភពទឹក ហើយចំពោះស្រូវដែលត្រូវប្រមូលផល ក្នុងបរិមាណមានកំណត់ បានជំរុញតម្លៃស្រូវឱ្យកើនឡើងប្រមាណជា២០%ផងដែរ បើប្រៀបធៀបរយៈពេលដូចគ្នាទៅឆ្នាំ២០១៩។

២៖ ការឈប់សំរាកសងពេលចូលឆ្នាំខ្មែរ ដែលលើកពីខែមេសាមកខែសីហានេះ បានធ្វើអោយការងាររដ្ឋបាល និងសេវាមួយចំនួន មានការយឺតយ៉ាវផងដែរ ជាពិសេសក្នុងសប្តាហ៍ទី៣ នៃខែសីហានេះតែម្តង។ ការនាំចេញបានចាប់ផ្តើមប្រសើរឡើងវិញនៅសប្តាហ៍ទី៤នៃខែសីហា ហើយរំពឹងថា ការនាំចេញនឹងបានល្បឿនល្អចាប់ពីខែកញ្ញាតទៅ៕