ខេត្តព្រះសីហនុ៖ នៅល្ងាចថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រី និងកម្លាំងសមត្ថកិច្ចចម្រុះ អញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅតាមទីតាំងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងក្នុងស្រុកព្រៃនប់ ជាប់នឹងផ្លូវជាតិលេខ៤ ស្របពេលដែលធាតុអាកាសមានភ្លៀងកំពុងធ្លាក់ ហើយនិងចុះទៅពិនិត្យមើលទំនប់អាងទឹកធម្មជាតិ មួយកន្លែងដែលស្ថិតក្នុងឃុំសំរុង ស្រុកព្រៃនប់ ដែលបានបាក់ទំនប់ដោយ ឥទ្ធិពលព្យុះទី១១ ឈ្មោះថា(នូល)បង្ករឱ្យមានភាពលិចលុងភូមិដ្ឋានផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនាយប់ថ្ងៃទី១៧កន្លងទៅ ហើយផ្អែកលើស្ថានភាពធាតុអាកាសមានភ្លៀងនៅតែបន្តធ្លាក់បែបនេះ ឯកឧត្តមអភិបាលខេត្ត ក្នុងនាមប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឱ្យកងកម្លាំងមានសមត្ថកិច្ចដាក់ប្រចាំការនៅតាមទីតាំងងាយរងគ្រោះ ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានជំនន់ទឹកភ្លៀងកើតឡើង។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ថារហូត មកដល់ពេលនេះ ជំនន់ទឹកភ្លៀងដូចជាបានថយចុះខ្លះហើយ ចំណែកប្រជាពលរដ្ឋដែលភាគច្រើនរស់នៅតំបន់ទំនាបក៏ត្រូវបានធ្វើការជម្លៀសមកកាន់ទីទូលសុវត្ថិភាពអស់ហើយ រីឯចំណែកសត្វពាហណៈខ្លះ មិនទាន់រកទីកន្លែង ទីទូលបាននៅឡើយទេ ដូច្នេះឯកឧត្តមបានបញ្ជាឱ្យអភិបាលស្រុកព្រៃនប់រៀបចំបន្តដោយសហការជាមួយកងកម្លាំង ស្រុកព្រៃនប់ផ្ទាល់ ក្នុងការដោះស្រាយបញ្ហានេះ និងដាក់កម្លាំង ដើម្បីតាមដាន និងត្រៀមចាំនៅចំណុចស្ពានសំរុង ដើម្បីការពារហានិភ័យដោយប្រការ ណាមួយជាយថាហេតុ ហើយក្នុងនោះឯកឧត្តមបានបញ្ជាឱ្យអភិបាលស្រុកព្រៃនប់ចុះប្រមូល ទិន្នន័យប្រជាពលរដ្ឋដែលងាយរងគ្រោះជំនន់ទឹកភ្លៀងក្នុងស្រុកព្រៃនប់ ដើម្បីក្នុងការងាយស្រួលប្រើកងកម្លាំងចុះជួយសង្គ្រោះទាន់ពេលវេលា។

គួរបញ្ជាក់ផងដែរថាឥទ្ធិពលព្យុះទី១១ ឈ្មោះថា(នូល)បានបង្ករជាជំនន់ទឹកភ្លៀង ចាប់ផ្តើមនៅវេលាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ធ្វើឱ្យលំនៅដ្ឋាន ផ្លូវ ថ្មល់ មួយចំនួនក្នុងខេត្តព្រះសីហនុ ទទួលរងគ្រោះលិចលុងក្នុងនោះស្រុកព្រៃនប់ បានទទួលរងគ្រោះខ្លាំងជាងគេ ចំណែកឯស្រុកស្ទឹងហាវ និងស្រុកកំពង់សីលា ក៏ដូចជាទីប្រជុំជនក្រុងព្រះសីហនុ មិនមានបញ្ហារអ្វីធំដុំនោះទេ គឺគ្រាន់តែមានការជន់លិចផ្លូវមួយចំនួន និងបាក់រលំដើមតិចតូច តែប៉ុណ្ណោះ ហើយសំរាប់ស្រុកព្រៃនប់បើតាមរបាយការណ៍ បានបញ្ជាក់ថាតំបន់ដែលត្រូវជន់លិចរួមមាន៖

ទី១-ឃុំវាលរេញ

ទី២-ឃុំសំរ៉ុង

ទី៣-ឃុំអណ្តូងថ្ម

ទី៤-ឃុំទួលទទឹង

ទី៥-ឃុំព្រៃនប់

ទី៦-ឃុំសាមគ្គី និងឃុំមួយចំនួនទៀតក្នុងនោះ ឃុំសាមគ្គីផ្លូវមួយចំនួនត្រូវបាន រដ្ឋបាលស្រុក ប្រកាស់បិទផ្អាកការធ្វើដំណើរ ជាបណ្តោះអសន្ន ដោយសារតែផ្លូវទាំងនោះត្រូវទឹកជន់លិចមិនអាចធ្វើដំណើរបាន ចំណែកឃុំសំរ៉ុងដែលទទួលរងគ្រោះខ្លាំងជាគេ រដ្ឋបាលស្រុកក៏បាន បញ្ជាក់ផងដែរថា នៅក្នុងយប់ថ្ងៃទី១៧ ដែលជាការចាប់ផ្តើម នៃឥទ្ធិពលព្យុះទី១១ ឈ្មោះថា(នូល)នោះ បណ្តាលឱ្យមានជំនន់ទឹកភ្លៀងលិចផ្ទះប្រជាពលរដ្ឋចំនួន ៤៧២ គ្រួសារ មនុស្ស ១៩៨៨នាក់ និងក្មេងស្រីម្នាក់ ឈ្មោះ វុទ្ធី ស្រីនី អាយុ ១ខួបកន្លះ បានស្លាប់ដោយសារទឹកហូរខ្លាំងនាំយកទៅរហូតព្រឹកឡើងថ្ងៃទី១៨ ទើបរកឃើញសាកសព។ ដោយឡែកឃុំសាមគ្គី ស្រុកព្រៃនប់ ទឹកលិចផ្លូវលំអភិវឌ្ឍន៍បឹងរាំង ព្រែកក្រាញ់ ចំនួន៤កន្លែង ប្រវែងជាង ៥០០ម៉ែត្រ កម្ពស់ទឹកប្រហែល ៧០សង់ទីម៉ែត្រ មិនអាចធ្វើចរាចរណ៍បានទេ។ ហើយក្នុងនោះប្រជាពលរដ្ឋដែលរស់នៅជិតអាងទឹកធម្មជាតិមានមុខរបរចិញ្ចឹមត្រីដូចជាត្រីដៀប ត្រីអណ្តែង និងកង្កែប បានទទួលរងគ្រោះខាតបង់អស់ត្រីសរុបមិនតិចជាង៧តោន ដោយសារការបាក់ទំនប់អាងទឹកធម្មជាតិយ៉ាងគំហុកបង្ករជន់លិចស្រះចិញ្ចឹមត្រីរបស់ពួកគាត់ នេះបើតាមការអះអាងរបស់មន្រ្តីរដ្ឋបាលស្រុកព្រៃនប់ និងមន្រ្តីជល់ផល ហើយនៅចំពោះមុខគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានបញ្ជូនកងកម្លាំងទាំង ៤ប្រភេទរួមមានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងកម្លាំងប្រតិបត្តិការសឹករងព្រះសីហនុ រួមជាមួយកងកម្លាំងកងទ័ពជើងទឹក ចុះជួយសង្រ្គោះ និងអន្តរាគមន៍នៅគោលដៅទទួលរងគ្រោះនៃឃុំនីមួយៗ។

ដោយឡែកនៅស្រុកស្ទឹងហាវវិញក៏មានករណី ស្រដៀងគ្នានេះដែរ ដោយត្រីស្ពុងជាប្រភេទត្រីចិញ្ចឹមក្នុងទឹកសមុទ្រ របស់បងប្អូនប្រជាពលរដ្ឋ សហគមន៏ ស្ថិតក្នុងភូមិទំនប់រលក(តំបន់ព្រែក បី)មានចំនួនជាច្រើនតោនក៏ត្រូវពុលទឹកភ្លៀង ងាប់អស់ផងដែរ គឺពុលខណៈទឹកភ្លៀងហូរចាក់ យ៉ាងគំហុកចូលទៅសមុទ្រតំបន់ចិញ្ចឹមត្រី ចំណែកនៅស្រុកកំពង់សីលា វិញរហូតមកដល់ពេលនេះស្ថានភាពទឹកជនលិចនៅមិនទាន់មានបញ្ហារអ្វីនោះទេ ហើយសំរាប់កំណាត់ ផ្លូវជាតិ៤ ត្រង់ចំណុចស្ពានស្ទឹងសំរុងដែល តែងតែត្រូវទឹកជន់លិចក្នុងពេលកន្លងមកនោះក៏មិនមានបញ្ហារអ្វីដែរ គឺអាចធ្វើដំណើរទៅមកបានជាធម្មតា ជាមួយនិងបញ្ហារនេះយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពរបស់ព្យុះទី១១ឈ្មោះថា(នូល)(NOUL) ក្នុងនោះតំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង(Flash Flood)រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ហើយក្នុងនោះរដ្ឋបាលខេត្តក៏បានចេញសេចក្តីជួនដំណឹងភ្លាមៗផងដែរជូនទៅដល់សាធារណជន ក៏ដូចជាម្ចាស់អាជីវកម្ម និងអ្នកធ្វើដំណើរតាមកាណូតទេសចរណ៍ និងស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់ ពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមផ្អាកការចេញដំណើរជាបណ្តោះអាសន្ន ដើម្បីចៀស វាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕