គ្រួសារប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់បង្កឲ្យខូចខាត់ និងរលំផ្ទះ ចំនួន២២គ្រួសារ នៅក្នុងឃុំកូនសត្វ ស្រុកទឹកឈូខេត្តកំពត បានទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ស្របពេលដែលស្ពានបេតុងមួយ​កន្លែងទៀត ត្រូវបានក្រុមការងារស្រុកទឹកឈូ ឧបត្ថម្ភថវិកាសាងសង់ជូនពលរដ្ឋប្រើប្រាស់ដែរ។ ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្ត តំណាងឯកឧត្តមជាវ តាយប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត សមាជិកសាខា អនុសាខា និងមន្ត្រីស្ម័គ្រចិត្តកាកបាទក្រហមថ្នាក់មូលដ្ឋាន បាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាផ្តល់ជូនដល់ គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ រលំផ្ទះ និងប៉ើងដំបូល ចំនួន២២គ្រួសារ នៅក្នុងភូមិចំនួន៣ គឺនៅភូមិកំពង់នង់ចំនួន១៩ គ្រួសារ ភូមិកំពង់ត្នោត១គ្រួសារ និងភូមិកូនសត្វចំនួន២គ្រួសារ (រលំផ្ទះទាំងស្រុង១គ្រួសារ)។

ឯកឧត្តមអ៊ឹង ឆាយ បានសំដែងការចូលរួមសោកស្ដាយ ជាមួយគ្រួសារប្រជាពលរដ្ឋរងគ្រោះព្រមទាំងបានពាំនាំការសួរសុខទុក្ខរបស់ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ  ជួបការលំបាក ជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជនចាស់ជរាគ្មានទីពឹងគ្រប់ពេលវេលា ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តមបានលើកទឹកចិត្តដល់ពលរដ្ឋរងគ្រោះ សូមកុំអស់សង្ឃឹម ត្រូវខិតខំបង្កបង្កើតផលកសិកម្ម ដើម្បីបង្កើតជីវភាពគ្រួសារ ហើយទន្ទឹងមនុស្សអត់ត្រូវខិតខំយកចិត្តទុកដាក់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេសអនុវត្តនូវវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ។

អំណោយអនុសាខាកាកបាទក្រហមស្រុកទឹកឈូដែលបានផ្ដល់គ្រួសាររងគ្រោះទាំង ២២គ្រួសារនៅពេលនេះ ក្នុងមួយគ្រួសារអង្ករ២៥គីឡូ មី១កេះ ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន៤ ម៉ឺនរៀល សម្រាប់២១គ្រួសារដែលរងផលប៉ះពាល់តិចតួចនឹងមួយគ្រួសារដែលរងផលប៉ះពាល់ធ្ងន់ធ្ងរចំនួន១០ម៉ឺនរៀល ដោយឡែកក្រុមការងារស្រុកទឹកឈូក៏បានឧបត្ថម្ភថវិកាចំនួន៥ ម៉ឺនរៀលបន្ថែមទៀតក្នុងមួយគ្រួសារក្នុងឱកាសនោះឯកឧត្តមអ៊ឹង ឆាយ បានឧបត្ថម្ភថវិកាជំហ៊ានដំបូងចំនួន១លានរៀលដើម្បីជួយកសាងផ្ទះដល់ស្ត្រីរងគ្រោះរលំផ្ទះទាំងស្រុងផងដែរ។

ក្រោយប្រគល់ជូនអំណោយកាកបាទក្រហម ឯកឧត្តម អ៊ឹង ឆាយ អនុប្រធានទី១ ក្រុមការងារចុះជួយស្រុកទឹកឈូ ក៏បានបន្តដំណើរ ទៅពិនិត្យស្ពាន និងបានឧបត្ថម្ភថវិកាសម្រាប់ជួយការសាងសង់ស្ពានបេតុងមួយកន្លែង ឆ្លើយយបតាមការស្នើសុំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលស្ពាននេះមានប្រវែង១២ ម៉ែត្រ ទទឹង​៤ម៉ែត ដើម្បីបង្កភាពងាយស្រួលក្នុងធ្វើដំណើរឆ្លងកាត់និងដឹកកសិផលពលរដ្ឋនៅតំបន់ក្បែរនោះ៕