ខេត្តកោះកុង៖ នៅថ្ងៃពុធ ៦កើត ខែអស្សុ ជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខភាពបង ប្អូនប្រជាពលរដ្ឋ នៅតាមសហគមន៍ ពីសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ មិថុនា ភូថង ប្រធានគណៈ កម្មាធិការសាខា បានចាត់អោយក្រុមប្រតិបត្តិសាខា ទទួលបន្ទុកសុខភាព សហការជាមួយ ក្រុមការងារ អនុសាខាស្រុកស្រែអំបិល អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្តភូមិ សមាជិកសសយកស្រុក បានដឹកនាំ យុវជនកាកបាទក្រហម បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ-១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រើប្រាស់មេក្រូ បិទផុស្ទ័រ ពីវិធីកាត់បន្ថយហា​និភ័យ​ពីការឆ្លងជំងឺកូវីដ-១៩នៅក្នុងឃុំស្រែអំបិល ឃុំបឹងព្រាវ និងផ្សារស្រែអំបិលស្រុកស្រែអំបិល ខេត្តកោះកុង ។

ក្នុងនោះក្រុមការងារបានចុះផ្សព្វផ្សាយ បិទ Posterបានចំនួន២០០សន្លឹក ចែកប័ណ្ណប្រកាសចំនួន៣០០សន្លឹក ផ្តល់សាប៊ូដុំចំនួន២៤៣ដុំ ម៉ាស់២០០សន្លឹក និងចាក់សារអប់រំតាមឃោសនាសព្ទមានៈការកាត់បន្ថយហានិភ័យ​ពីការ​ឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅតាមមូល ដ្ឋាន ក្រោមការឧបត្ថម្ភថវិកាដោយសហ ព័ន្ធអន្តជាតិកាក​បា​ទក្រហម អឌ្ឍចន្ទក្រហម(IFRC) ។

នាឱកាសនោះ ក្រុមការងារទាំងអស់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស៖
១. លាងដៃឲ្យបានញឹកញាប់នឹងជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់ កុលលាងដៃ
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាស អនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦. ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារៈការពារខ្លួន ។
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។

ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីសាខា និងក្រុមការងារ បានបញ្រ្ជាបការអប់រំផ្សព្វ ផ្សាយបន្ថែមអំពី ការចូលរួមគោរពច្បាប់ចរាចរផ្លូវគោក ការគ្រប់គ្រងជំងឺរាតត្បាត និងការថែទាំសុខភាព សហគមន៍ ការបង្ការ និងការការពារជំងឺគ្រុនឈាម ធ្វើអនាម័យសំអាតបរិស្ថាន លប់ភក់ជ្រាំ និងបំផ្លាញជម្រកមូសខ្លាញី គម្រោងស្តារទំ នាក់ទំនងគ្រួសារ និងចូលរួមគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា ៕