កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាក្រុងកំពត ឯកឧត្តមម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពត បានដឹកនាំកិច្ចប្រជុំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពត ខេត្តកំពត ដើម្បីបូកសរុបលទ្ធផលការងារវេទិកាសាធារ​ណៈ​រយៈពេល៩ ខែ ឆ្នាំ២០២០ និងលើកទិសដៅបន្ត។
តាមរបាយការណ៍របស់លោកលាង រឿនសុធី អភិបាលក្រុងកំពត និងចៅសង្កាត់ទាំង៥ នៃក្រុងកំពតបានឲ្យដឹង វឌ្ឍនភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពតធ្វើវេទិកាសាធារណៈស្វែងរកតម្រូវការ បញ្ហាប្រឈមនិងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងរយៈពេល៩ខែឆ្នាំ២០២០ នេះបានចំនួន១៩លើកមានសមាជិកក្រុមការងារចំនួន៤០៥នាក់ និងប្រជាពលរដ្ឋចំនួន១៤៥១នាក់ប្រមូលបានបញ្ហាសំណូមពរ ៧៧ករណី ក្នុងនោះបានដោះស្រាយចំនួន១៧ករណី កំពុងដោះស្រាយចំនួន៤៦ករណី នឹងមិនទាន់ដោះស្រាយចំនួន១៤ករណី។

ឯកឧត្តមម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងារបានបញ្ជាក់ថា គោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជាពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលាប្រកបដោយទទួលការខុសត្រូវខ្ពស់។ ជាការពិតចាប់តាំងពីក្រុមការងារនេះបានបង្កើត គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ពាក់ព័ន្ធនឹងការអប់រំ ផ្សព្វផ្សាយ និងការដោះស្រាយរាល់បញ្ហាប្រឈមនានា ក្នុងសកម្មភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានបានយ៉ាងល្អប្រសើរ។ ពិសេស ក្នុងស្ថានជួបវិបត្តិជំងឺឆ្លងកូវីដ ១៩ ក្រុមការងាររាជរដ្ឋាភិបាលបានធ្វើសកម្មភាពអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ គ្រប់គ្រងទិន្នន័យ ពលករត្រឡប់មកក្នុងប្រទេសនិងក្រៅប្រទេស និងចូលរួមបរិច្ចាគ តាមរូបភាពផ្សេងៗ ដើម្បីដោះស្រាយជីវភាពប្រជាពលរដ្ឋខ្វះខាតនិងបង្ការទប់ស្កាត់មិនមែនជំងឺកូវីដ១៩ឆ្លងដល់សហគមន៍ឡើយ។

ឯកឧត្តមម៉ាន សុគ្រី ក៏បានក្រើនរំលឹកដល់ក្រុមការងារ ឲ្យបន្តពង្រឹងសកម្មភាពការងារថ្នាក់ក្រុង ដើម្បីអោយមានការទទួលខុសត្រូវច្បាស់លាស់ ខិតខំដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋបានសំណូមពរ បញ្ហាទំនាស់នានា បញ្ចៀសភាពអសកម្ម ដែលអាចបង្កឱ្យមានភាពថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ ដែលនាំឲ្យជះឥទ្ធិពលអវិជ្ជមានដល់ការគ្រាំទ្រចំពោះរាជរដ្ឋាភិបាល ជំរុញមន្ត្រីរាជការ ក្រុមការងារអោយខិតជិតនិងប្រជាពលរដ្ឋដើម្បីស្តាប់និងទប់ស្កាត់ឲ្យទាន់ពេលវេលាពីសំណាក់ជនអគតិមួយចំនួនដែលតែងតែបំភ្លើសបំភ្លៃព័ត៌មានការពិតដល់ប្រជាពលរដ្ឋ ពង្រឹងការងារនៅមូលដ្ឋានភូមិសង្កាត់ឲ្យបានរឹងមាំ ពិសេសគោលនយោបាយភូមិឃុំមានសុវត្ថិភាព បន្តចុះរៀបចំវេទិកាសាធារណៈ នៅតាមបណ្ដាសង្កាត់ តាមផែនការដែលបានគ្រោងទុក នឹងបន្តធ្វើការសម្របសម្រួលទំនាស់រវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ រាល់ដំណោះស្រាយដើម្បីកែលម្អចំណុចខ្វះខាត អភិវឌ្ឍនិងជំរុញយន្តការនេះឲ្យកាន់តែមានដំណើរការល្អប្រសើរថែមទៀត។