គិតមកត្រឹមថ្ងៃទី២៨ ខែកញ្ញាកន្លងទៅ ការវាស់កំណត់អ័ក្សផ្លូវ និង ការបើកផ្លូវ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ចំនួន៣៨ខ្សែ នៅក្រុងសៀមរាបសម្រេចបាន ចំនួន១៣ខ្សែ មានប្រវែង ៥៦គីឡូម៉ែត្រ ឬស្មើនឹង៥៦ភាគរយ នេះបើតាមរបាយការណ៍របស់ លោកអភិបាលក្រុងសៀមរាប និងប្រធានមន្ទីររៀបចំ ដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ក្នុងប្រជុំធ្វើការត្រួតពិនិត្យ និង ក្តាប់ពីលទ្ធផលការងារ បញ្ហាប្រឈម ក្នុងកំឡុងពេលដែលក្រុមការងារចុះវាស់វែង លើផ្លូវទាំង៣៨ខ្សែ ដឹកនាំដោយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើង នូវអនុសាសន៍មួយចំនួន របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងឱកាសដែលឯកឧត្តម បានចុះពិនិត្យមើលស្ថានភាពផ្លូវទាំង៣៨ ខ្សែ នៅថ្ងៃទី២៨ និង ២៩កញ្ញាថ្មីៗនេះ ដោយសូមឲ្យក្រុមការងារធ្វើការសិក្សា និងវាយតម្លៃ ចំពោះបណ្តាផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប ជាពិសេសសំណង់មួយចំនួន មានច្បាប់អនុញ្ញាតឲ្យធ្វើការសាងសង់ និង មួយចំនួនគ្មានច្បាប់ ព្រមទាំងមួយចំនួនទៀតបានរំលោភបំពានដីចំណី ផ្លូវរបស់រដ្ឋ និង នៅលើផ្លូវតែម្តង។

ឯកឧត្តម បញ្ជាក់បន្ថែមថា ចំពោះករណីទាំងនេះ ក្រុមការងារក៏មិនអាចកំណត់បាន អំពីលទ្ធផលនៃការវាស់វែងនេះបាននៅឡើយទេ។ ដូច្នេះសូមឲ្យក្រុមការងារទាំងអស់ ក៏ត្រូវធ្វើការពិនិត្យឡើងវិញ ដើមី្បយកនូវលទ្ធផលទាំងនោះមកប្រជុំសម្រេចនៅថ្ងៃទី ០១ ខែតុលាខាងមុខនេះ ។ ក្នុងការវាស់វែងនេះដែរ ត្រូវបង្កើតក្រុមការងារចម្រុះ ដែលដឹកនាំដោយរដ្ឋបាលខេត្ត និងមានសមាសភាពមន្ត្រីមន្ទីរជំនាញចូលរួមផងដែរ ។

ក្នុងនោះឯកឧត្តម ក៏បានធ្វើការក្រើនរំលឹកដល់ក្រុមការងារ និង អាជ្ញាធរក្រុង ក្នុងពេលចុះធ្វើការវាស់វែង ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលនៅសង្ខាងផ្លូវទាំង៣៨ខ្សែ ឲ្យពួកគាត់ត្រូវធ្វើការដាក់ពាក្យស្នើសុំតភ្ជាប់បណ្តាញលូបង្ហូរទឹកកខ្វក់ ចេញពីលំនៅដ្ឋាន មកភ្ជាប់ជាមួយលូមេអមសង្ខាងផ្លូវ។ ដោយឡែកបណ្តាផ្លូវ ដែលពុំមានជួបការស្មុគស្មាញ ត្រូវជូនដំណឹងដល់ពួកគាត់ធ្វើការរុះរើជាបណ្តើៗផងដែរ។