ការឃាត់ខ្លួន ឬឃុំខ្លួនអនីតិជន ត្រូវស្ថិតក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ និងការពារដោយច្បាប់ស្តីពីយុត្តិធម៌អនីតិជន ក្នុងនោះអនីតិជនក្រោមអាយុ១៤ឆ្នាំ ពុំមានច្បាប់ឲ្យឃាត់ខ្លួន ឬឃុំខ្លួននោះឡើយ នេះបើតាមការលើកឡើង របស់មន្ត្រីតុលាការខេត្តសៀមរាប ក្នុងកិច្ចប្រជុំ ស្តីពីយុត្តិធម៌ព្រហ្មទណ្ឌ ការនាំចេញដោយមិនស្របច្បាប់ នីតិវិធីនៃការឃាត់ខ្លួន-ឃុំខ្លួនអនីតិជន របស់គណៈកម្មាធិការខេត្តសៀមរាបប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ស្ដីពីយុត្តិធម៌ព្រហ្មទណ្ឌ ការនាំចេញដោយមិនស្របច្បាប់ នីតិវិធីនៃការឃាត់ខ្លួន-ឃុំខ្លួនអនីតិជន ដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្តនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ននៅសាលាខេត្តសៀមរាប។

អញ្ជើញជាវាគ្មិនក្នុងឱកាសនោះ លោក ជឺ សុខ ប្រធានសាលាដំបូង និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានពន្យល់ថា នីតិវិធីនៃការឃាត់និងឃុំខ្លួនអនីតិជន គឺត្រូវបានឈរលើក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដោយការកំណត់អាយុជា២ប្រភេទគឺ ពី១៤ឆ្នាំ ដល់១៦ឆ្នាំ និងពី១៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ។ នៅក្នុងបទប្បញ្ញត្តិទូទៅនៃច្បាប់នេះ គឺបានចែងអំពីគោលបំណងនៃច្បាប់ក្នុងការបង្ក្រាបអំពើទាំងនេះ គឺដើម្បីការពារសិទ្ធិ និងសេចក្តីថ្ងៃថ្នូររបស់មនុស្ស បង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ រក្សាការពារ លើកកម្ពស់ទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់ជាតិ និងមានបំណងផងដែរ ក្នុងការអនុវត្តឲ្យបានសមស្រប តាមពិធីសារអង្គការសហប្រជាជាតិ ស្តីពីការទប់ស្កាត់ ការបង្រ្កាប និងការផ្តន្ទាទោសជនណាដែលប្រព្រឹត្តអំពើជួញដូរមនុស្ស ជាពិសេសលើស្រ្តីនិងកុមារ។

លោកវាគ្មិន បញ្ជាក់បន្ថែមថា ទោះជាយ៉ាងណាក៏ដោយ នៅក្នុងអំឡុងពេលនៃការឃុំខ្លួនអនីតិជន ដែលត្រូវទទួលទោសទណ្ឌនោះ ក៏ត្រូវបានការការពារដោយច្បាប់ រក្សាឧត្តមប្រយោជន៍ ទទួលបានការស្តារនីតិសម្បទា និងមានការអប់រំឲ្យក្លាយជាពលរដ្ឋល្អជាដើម ហើយក៏នឹងអាចបានស្ថិតនៅក្រៅឃុំផងដែរ ក្នុងករណីដែលអនីតិជនជាប់ឃុំនោះ ទទួលយកការអប់រំបានល្អប្រសើរ។ ដោយឡែក ចំពោះការនាំចេញដោយមិនស្របច្បាប់ គឺសំដៅទៅលើការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដូច្នេះការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ គឺដើម្បីការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រីអភិបាលរងខេត្ត ក៏បានលើកឡើងផងដែរថា ប្រធានបទនៃកិច្ចប្រជុំនេះ វាស្របតាមសភាពការណ៍ដែលខេត្តសៀមរាប កំពុងជួបបញ្ហាប្រឈម នៅក្នុងប្រតិបត្តិការរបស់សមត្ថកិច្ច ហើយក៏ជារបៀបវារៈដ៏សំខាន់ផងដែរ ដែលស្ថាប័នជំនាញ ត្រូវការភាពច្បាស់លាស់ក្នុងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព។ជាពិសេស កម្លាំងសមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរក្រុង-ស្រុក ដើម្បីយល់ដឹងបន្ថែមកាន់តែច្បាស់ តាមរយៈការបកស្រាយនូវសំណួរ ឬក៏បញ្ហាប្រឈមនានារបស់សមាជិកអង្គប្រជុំ ពីសំណាក់វាគ្មិនជំនាញទាំងពីរ។