ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពវាយប្លន់យកទូរសព្ទពីអ្នកដំណើរតាមដងផ្លូវ ក្នុង១ថ្ងៃធ្វើសកម្មភាព ២​ករណីផ្សេងគ្នាអស់លក្ខណ៍ជិះម៉ូតូរត់ទៅទាក់ដៃម៉ូតូជាមួយប្រជាពលរដ្ឋដួល ហើយត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋដេញចាប់ខ្លួនបានភ្លាមៗ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា ប្រើដៃវ៉ៃប្លន់យកទូរស័ព្ទ ទី១ កើតឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំ ភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីជនរងគ្រោះឈ្មោះ អ៊ុន ស្រីវណ្ណ ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការិនី​រោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លុះដល់ម៉ោង៧យប់ថ្ងៃដដែល ជនសង្ស័យម្នាក់ឈ្មោះ កេត បូរ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិខ្វា សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ដកហូតបាន ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ1IA-2060 មានលេខតួ និងលេខម៉ាស៊ីន5656046 (អត់ក្បាំង) ចំនួន០១គ្រឿង, ទូរស័ព្ទដៃ ម៉ាក Oppo ពណ៌ខ្មៅ ចំនួន០១គ្រឿង ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៣និង០០នាទី ជនរងគ្រោះឈ្មោះ អ៊ុន ស្រី វណ្ណ ភេទស្រី អាយុ២០ឆ្នាំ បានដើរចេញពីផ្ទះជួល ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មកឈរចាំជិះម៉ូតូ កង់បីឥណ្ឌា នៅលើផ្លូវលំ ក្នុងភូមិព្រៃធំខាងលើ ។ ពេលនោះក៏មានជនសង្ស័យឈ្មោះ កេត បូរ៉ា បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1IA-2060 មានលេខតួ និងលេខម៉ាស៊ីន5656046 (អត់ក្បាំង) មកឈប់ក្បែរជនរងគ្រោះ រួចបានសួរជនរងគ្រោះថា ទៅណាខ្ញុំជួនទៅ? ប៉ុន្តែដោយសារជនរងគ្រោះ ពុំដែលធ្លាប់ស្គាល់ ជនសង្ស័យពីមុនមកផង ក៏បានឆ្លើយតបថា ខ្ញុំបានហៅ កង់បីរួចហើយ ។

បន្ទាប់មកជនសង្ស័យបានជិះម៉ូតូម៉ាកខាងលើ ចេញពី ជនរងគ្រោះបានចម្ងាយប្រហែល១០០ម៉ែត្រ ក៏ត្រឡប់មកវិញ ឈប់ម៉ូតូ ហើយដើរសម្តៅមករកជនរងគ្រោះ រួចធ្វើសកម្មភាព ចាប់អោបជនរងគ្រោះពីក្រោយ និងចាប់ដៃបង្វិលទល់មុខគ្នា ហើយចាប់បោចសក់ក្បាលជនរងគ្រោះ ដាល់០១ដៃ ចំកណ្តាលចិញ្ចើម បណ្តាលឲ្យពក រួចដណ្តើមយកទូរស័ព្ទដៃម៉ាក Oppo ពណ៌ស្លាប កំភេន លាយខ្មៅ ពីដៃជនរងគ្រោះ ។ ពេលនោះម៉ូតូកង់បីឥណ្ឌាដែល ជនរងគ្រោះបានហៅមកដល់ ជនរងគ្រោះក៏ស្រែកឆោឡោ ជនសង្ស័យឃើញដូចនេះក៏បានរត់ឡើងជិះម៉ូតូបើកគេចខ្លួនបាត់ ដោយមិនបានយកទូរស័ព្ទជនរងគ្រោះទៅទេ ហើយជនរងគ្រោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស អំពីម៉ាកម៉ូតូ ,ផ្លាកលេខម៉ូតូ និងភិនភាគជនសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ដែរ តែជនរងគ្រោះពុំទាន់បានមកដាក់ពាក្យបណ្តឹងភ្លាមទេ។

លុះដល់វេលាម៉ោង១៩និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យ បានជិះម៉ូតូម៉ាកខាងលើ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនស្គាល់ម៉ាក ពីជនរងគ្រោះមិនស្គាល់ឈ្មោះម្នាក់ទៀត ដែលកំពុងជិះម៉ូតូស្របទិស គ្នាជាមួយជនសង្ស័យ តាមផ្លូវ៥០ម៉ែត្រ ពីត្បូងទៅជើង ស្ថិតត្រង់ ចំណុចភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យក៏បានប៉ះដៃម៉ូតូជាមួយជនរងគ្រោះដួលទាំង ០២គ្រឿង ។ ហើយជនរងគ្រោះ ក៏បានស្រែកឆោឡោថាចោរៗ រួចប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ និងសមត្ថកិច្ច យើងកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុ ក៏បានជួយអន្តរាគមន៍ ធ្វើការឡោមព័ទ្ធឃាត់ខ្លួនបានជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋ បាលព្រៃសតាមនីតិវីធីច្បាប់ ។

ក្រោយមកជនរងគ្រោះឈ្មោះ អ៊ុន ស្រីវណ្ណ ក៏បានមក មើលមុខជនសង្ស័យស្គាល់ថា ជាជនសង្ស័យដែលបានធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទដៃរបស់គាត់ មិនបានសម្រេច កាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ខាងលើ រួចជនរងគ្រោះឈ្មោះ អ៊ុន ស្រីវណ្ណ ក៏បានដាក់ពាក្យ បណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យ សមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។

ដោយឡែកចំពោះជនរងគ្រោះមិនស្គាល់ឈ្មោះម្នាក់ទៀត ពេល សមត្ថកិច្ច និងប្រជាពលរដ្ឋ ឃាត់ខ្លួន បានជនសង្ស័យខាងលើ រូបគាត់ (ជនរងគ្រោះមិនស្គាល់ឈ្មោះ) មិនបានដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ចយើងទេ បានជិះម៉ូតូចេញពី កន្លែងកើតហេតុ ទៅផ្ទះបាត់តែម្តង ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពចាប់អោបជនរងគ្រោះឈ្មោះ អ៊ុន ស្រីវណ្ណ ហើយចាប់ដៃ បង្វិល ទល់មុខគ្នា និងបោចសក់ក្បាលដាល់ចំចិញ្ចើម បណ្តាលឲ្យពក រួចបើកម៉ូតូរត់គេចខ្លួនប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត ៕