បន្ទាយមានជ័យ៖ ធ្វើច្រើនជានិយាយ!អភិបាលក្រុងប៉ោយប៉ែតលោក គាត ហុល បានចាត់វិធានការកំចាត់​ចោល​​គំនរសំរាមអនាធិបតេយ្យជាង២៥តោនដែលសេសសល់រាយប៉ាយនៅតាមទីសាធារណៈ នៅក្នុងភូមិ និងតាមដងផ្លូវនានាដែលត្រូវបានបុគ្គលមួយចំនួនយកមកបោះចោល។

ការកំចាត់សំរាមនេះធ្វើឡើងកាលពីថ្ងៃទី២៩កញា២០២០ដោយក្រុមការងាររដ្ឋបាលក្រុងសហការជាមួយរដ្ឋបាល​សង្កាត់ប៉ោយប៉ែត បងប្អូនប្រជាការពារភូមិ និងក្រុមហ៊ុនប្រមូលសំរាម ស៊ីន ទ្រី ធ្វើការប្រមូលចំនួនពីរទីតាំង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាមួយនិងបញ្ហាសម្រាមនេះផងដែរលោក គាត ហុល អភិបាលក្រុងប៉ោយប៉ែតបានសូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋនៅគ្រប់ភូមិទាំងអស់ក្នុងក្រុងប៉ោយប៉ែត ធ្វើការវិចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងរក្សាទុកសំរាមបណ្តោះអាសន្ន និងរង់ចាំក្រុមការងាររបស់ក្រុមហ៊ុន ស៊ីន ទ្រី ធ្វើការប្រមូលនៅតាមគេហដ្ឋានរបស់បងប្អូន។

ប្រការគួរចៀសវាង សូមបងប្អូនប្រជាពលរដ្ឋកុំដឹកយកទៅចាក់ចោលតាមដីឯកជនទំនេរ ឬផ្លូវទីសាធារណៈជាអនាធិបតេយ្យដែលនាំឱ្យបាត់បង់សោភ័ណភាពតាមផ្លូវ និងបង្កក្លិនមិនល្អនាំឱ្យប៉ះពាល់បរិស្ថាន ជាពិសេសប៉ះពាល់ដល់ផ្លូវដង្ហើមរបស់យើងគ្រប់ៗគ្នា។

រដ្ឋបាលក្រុងប៉ោយប៉ែតនឹងរៀបចំឱ្យមានការផាកពិន័យចំពោះបុគ្គលណាដែលចោលសំរាមរាយប៉ាយនៅតាមទីសាធារណៈ ក៏ដូចជាការហាមឃាត់មិនឱ្យមានការដុតសំរាម ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងគុណភាពខ្យល់ដកដង្ហើម។

ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែត និងក្នុងនាមខ្ញុំបាទ សូមថ្លែងអំណរគុណដល់ក្រុមការងាររដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ប៉ោយប៉ែត អង្គភាពភូមិ ក្រុមហ៊ុនប្រមូលសំរាម ស៊ីន ទ្រី និងជាពិសេសបងប្អូនប្រជាការពារតាមភូមិ ដែលបានស្ម័គ្រចិត្តជួយប្រមូលសំរាមអនាធិបតេយ្យតាមទីសាធារណៈបានជាច្រើនតោននេះ៕