ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពតបានលើកឡើងថា ថវិកា សម្ភារៈ គ្រឿងឧបភោគ បរិភោគផ្សេងៗដែលសប្បុរសជនបរិច្ចាគជូនកាកបាទក្រហម មិនមែនសម្រាប់សន្សំទុកទេ គឺដើម្បីត្រៀម ទុកសម្រាប់បម្រើក្នុងសកម្មភាពមនុស្សធម៌ ដើម្បីចែកជូនទៅដល់ដៃពលរដ្ឋគោលដៅដែលជាជនងាយរងគ្រោះ និងជនរងគ្រោះ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបាន ៩ខែ និងដាក់ផែនការអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០២០ នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០  ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានធ្វើការកត់សំគាល់ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសម្រេចបានល្អប្រសើរ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងអនុសាខា ក្រុង ស្រុក បានបំរើការឆ្លើយតបដល់ប្រជាពលរដ្ឋងាយរងគ្រោះនិងរងគ្រោះបានទាន់ពេលវេលានិងចំគោលដៅប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបានបន្តថា កន្លងមក សមាជិក សមាជិការតែងតែបានយកចិត្តទុកដាក់ យ៉ាងសស្រាក់សស្រាំក្នុងការបំពេញសកម្មភាពការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះធម្មជាតិ និងឧប្បត្តិហេតុផ្សេងៗ បានចំគោលដៅ និងទាន់ពេលវេលាល្អប្រសើរ។

យ៉ាងណាក៏ដោយ ឯកឧត្តមប្រធានបានក្រើនរំលឹក ដល់សមាជិក សមាជិកាគណៈកម្មាធិការសាខា ប្រធានកិត្តិយស អនុសាខាក្រុង ស្រុក ប្រធានគណៈកម្មាធិការអនុសាខាក្រុងស្រុក រួមនិងក្រុមប្រតិបត្តិសាខា  ត្រូវបន្តយកចិត្តទុកដាក់ចូលរួមឲ្យបានសកម្មថែមទៀត ពិសេសអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា និងគោលការណ៍គ្រឹះទាំង៧របស់កាកបាទក្រហម ក្នុងការ បំពេញបេសកកម្មការងារមនុស្សធម៌ , ដោយយកចិត្តទុកដាក់គិតគូរកៀងគរ និងគ្រប់គ្រងប្រភពចំណូលចំណាយឲ្យបានច្បាស់លាស់ និងប្រើប្រាស់ថវិកា ឲ្យចំគោលដៅ ដើម្បីជួយសង្គ្រោះ និងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្វះខាត និងជួបប្រទះគ្រោះធម្មជាតិ ឬជួបឧប្បតិ្តហេតុផ្សេងៗឲ្យបានកាន់តែប្រសើរឡើងថែមទៀត ។

ឯកឧត្តមប្រធានបញ្ជាក់ថាថវិកាសម្ភារៈ គ្រឿងឧបភោគបរិភោគ ដែលសម្បុរស់ជនបរិច្ចាគមក មិនមែនសម្រាប់សន្សំទុកនោះទេ គឺសម្រាប់ត្រៀមទុកចាយ និងចែកជូនដល់ដៃប្រជាពលរដ្ឋគោលដៃ ដែលជាជនងាយរង់គ្រោះ និងរងគ្រោះដោយសារបញ្ហាផ្សេងៗ។ កិច្ចប្រជុំបានផ្ដោតលើការពិនិត្យ ពិភាក្សា ចំណុចសំខាន់ៗរួមមាន ៖  ឆ្លងកំណត់ហេតុកិច្ចប្រជុំប្រចាំឆមាសទី១ឆ្នាំ២០២០, ការពិនិត្យឆ្លងសេចក្ដីព្រាងរបាយការណ៍៩ខែ និងលើកទិស ដៅផែនការអនុវត្តបន្តប្រចាំត្រីមាសទី៤ ឆ្នាំ២០២០ និងដាក់ឆ្លងផែនការឆ្នាំ២០២១ និងធ្វើការបូកសរុបថវិកាប្រមូលបានពីសប្បុរសជន ក្នុងទិវា៨ឧសភាឆ្នាំ២០២០ ដើម្បីពង្រឹងនិងការគ្រប់គ្រងអនុវត្តឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត៕