កំពង់ស្ពឺ÷  ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី 20 ខែតុលាឆ្នាំ 2020 នេះ បាននាំយកអំណោយយកមកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង សរុបប្រមាណជា 200 គ្រួសារ មកពីភូមិចំនួន 6 នៃសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។ ពិធីនេះប្រារឰធ្វើនៅបរិវេណ បុរី ឈុនទីន ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

អគ្គនាយកបុរី ឈុនទីន លោក ហុង ឆេងឈុន  មានប្រសាសន៍ថា÷  លោកសូមថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីទាំងអស់ដែលបានចូលរួមបរិច្ចា ថវិកាបានចំនួន 8050ដុល្លារអាមេរិក និងថ្នាំពេទ្យចំនួន 1948 បន្ទះ ដើម្បីចូលរួមជួយឧបត្ថម្ភគាំទ្រដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ជាមួយរដ្ឋបាលខេត្ត។ ដូច្នេះលោកសូមគោរពជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជនទាំងអស់ អោយបានសមប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៌កម្លាំងខ្លាំងក្លាប្រាជ្ញាវាងវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តមានប្រសាសន៍សំណេះសំណាលដោយឯកឧត្តមបានបញ្ជាក់ថា÷ ឯកឧត្តម សូមកោតសរសើរនូវចិត្តមនុស្សធម៌ ចេះចែករំលែកសម្ភារៈ និងថវិការបស់បងប្អូនដែលជាសប្បុរសជន ពីគ្រប់មជ្ឈដ្ឋានចូលរួមជាមួយរដ្ឋបាលខេត្ត ដើម្បីដោះស្រាយ នឹងឆ្លើយតបបានទាន់ពេលវេលាពិសេសនៅក្នុងសភាពការណ៍ដែលកំពុងកើតមានក្នុងរយៈពេលមេឃកំពុងភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្ដាលឱ្យមានការជន់លិចផ្ទះសម្បែង ស្រូវ និងផលដំណាំ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ។ ដូច្នេះឯកឧត្តមសូមថ្លែងកោតសរសើរចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសប្បុរសជនទាំងអស់តាមរយៈ លោក ហុង ឆេងឈុ នដែលជាអគ្គនាយក បុរី ឈុនទីន។

ឯកឧត្តមបានបន្តទៀតថា÷ តាមរយៈការចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសប្បុរសជនបានឆ្លុះបញ្ចាំងអំពីបេះដូងខ្មែរ ស្រឡាញ់ខ្មែរ-ខ្មែរចេះជួយខ្មែរ-ខ្មែរជួយគ្នាក្នុងគ្រាក្រ ហើយស្គាល់មិត្តល្អក្នុងគ្រាលំបាក។ អំណោយទៅចែកជូនដល់ពលរដ្ឋទាំង 200 គ្រួសារ ដែលជាគ្រួសារទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ក្នុងមួយគ្រួសារៗ ទទួលបាននូវអង្ករ-មី-ទឹកត្រី-ទឹកស៊ីអ៉ីវ-ត្រីខ-ថ្នាំពេទ្យ-ទឹកសុទ្ធ និងថវិកាមួយចំនួនទៀតផងដែរ៕