ខេត្តបាត់ដំបង! បើទោះបីជាស្ថិតនៅស្ថានភាពដែលផ្លូវលំបាក ទឹកលិច ដែលបង្កឡើងដោយទឹកជំនន់យ៉ាង​ណាក៏ដោយក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ ដំបងមិនរុញរាក្នុងការនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែនប្រធាន កាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះគ្រប់ទីកន្លែងដោយមិនរុញរា។

ជាក់ស្តែងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត និងលោកជំទាវ គណៈកិត្តិយសាខា គណៈកម្មាធិការសាខាអនុសាខាយុវជនកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែនប្រធាន កាកបាទក្រហមកម្ពុជា
ទៅចែកជូនដោយផ្ទាល់ដៃប្រជាពលរដ្ឋងាយរងគ្រោះដោយគ្រោះទឹកជំនន់ទឹកភ្លៀងចំនួន១១៥គ្រួសារ រស់នៅក្នុងភូមិចំនួន២ នៃឃុំហប់ ស្រុកគាស់ក្រឡ ដើម្បីជួយសម្រាលនូវការលំបាកបានមួយរយៈពេលផងដែរ ក្នុងស្ថានភាពដែលពួកកាត់កំពុងតែជួបនឹងគ្រោះទឹកជំនន់នាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធានតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះនិងជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។

បន្ថែមពីនេះឯកឧត្តមបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ពីសុខភាពអនាម័យ ត្រូវបរិភោគអាហារអោយបានឆ្អិនល្អ ពិសារទឹកដាំពុះ ដើម្បីជៀសវាងការឆ្លងជំងឺផ្សេងៗ និងសូមប្រុងប្រយ័ត្នក្មេងតូចៗកុំអោយលេងទឹកក្នុងជំនន់ទឹកភ្លៀងអោយសោះ វាអាចគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ ។

និងសូមប្រជាពលរដ្ឋទាំងអស់កុំមានការភ័យព្រួយអ្វីទាំងអស់ ពីព្រោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៅចាំជួយបងប្អូនគ្រប់ដង្ហើមចេញចូល និងគ្រប់ពេលវេលាមិនអោយបងប្អូនណាម្នាក់ដាច់អាហារឬក៏គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។

គូរបញ្ជាក់ផងដែរថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន១០០លានរៀលដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សម្រាប់ទិញគ្រឿងឧបភោគ បរិភោគ មួយចំនួនសម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបាត់ដំបងផងដែរ។

អំណោយដែលត្រូវផ្តល់ជូននាពេលនេះក្នុង១គ្រួសារទទួលបាន៖ -អង្ក ៣០គីឡូក្រាម -មី១កេស -ទឹកស៉ីអ៉ីវ​១យួរ-ត្រីខ១យួរ -ទឹកសុទ្ធវីឃែរ១យួរ -ក្រមា១ -ប្រេងក្រឡា ១ប្រអប់ -សាប៊ូ១ដុំ និងថវិកាមួយចំនួនផងដែរ។