បន្ទាយមានជ័យ ៖ កំណាត់ផ្លូវជាតិលេខ៥ចំណុចមុខផ្លូវ 30ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្តក្រុងប៉ោយប៉ែត អាជ្ញាធរក្រុងបានសម្រេចផ្អាកចរាចរណ៍ហើយ ។ការផ្អាកចរាចរណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ​២០២០ក្រោយពីមានការបាក់ទំនប់អូរអម្រឹតអូរខៃដន។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថាកម្លាំងទឹកដែលបាក់នៅអូខៃដនត្រង់ចំណុចខាងលើនេះ មានទឹកហូរខ្លាំងមិនអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយរថយន្តឬម៉ូតូបានឡើយ។កម្លាំងមូលដ្ឋានក៏ដូចជាកម្លាំងសម្ដេចអគ្គសេនាបតីតេជោហ៊ុនសែនក៏បានមកជួបជុំគ្នាដើម្បីត្រៀមបង្ការក្នុងការជួយស្រង់ និងសម្រួលប្រជាពលរដ្ឋដែលឆ្លងកាត់នៅតំបន់នេះហើយ តែមិនអនុញ្ញាតឲ្យមានរថយន្តឆ្លងកាត់ឡើយគឺអនុញ្ញាតិអោយតែរថយន្តកងកម្លាំងនិងរថយន្តដឹកប្រជាពលរដ្ឋឆ្លងកាត់ប៉ុណ្ណោះ។លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋផ្អាកធ្វើដំណើរឆ្លងកាត់តំបន់នេះមួយរយៈសិនព្រោះទឹកកំពុងហូរខ្លាំង ងាយនឹងបង្កអោយរថយន្តឬម៉ូតូមានគ្រោះថ្នាក់បាន។

គួរបញ្ជាក់ថាកម្លាំងទឹកដែលហូរសុ្រងមកពីប្រទេសថៃកំពុងតែមានការកើនឡើងមិនមានការស្រកចុះនោះទេ ដូច្នេះទឹកក្នុងអាងអូរខៃដនក៏កំពុងជន់ឡើងធ្វើអោយសន្ទុះទឹកហូរធ្លាក់ចេញពីអាងអូរខៃដនមានកម្លាំងខ្លាំងអាចអោយចរន្តទឹករុញច្រានរថយន្តឬម៉ូតូឆ្លងកាត់បង្កគ្រោះថ្នាក់បានដោយងាយ។ទឹកនេះទៀតសោតក៏កំពុងបង្កការជននាចនៅតំបន់ទំនាបមួយចំនួនហើយក៏កំពុងវាយប្រហារលើលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋបន្ថែមទៀតផងដែរ។