ខេត្តស្វាយរៀង មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង បានបន្តរកឃើញទំនិញមានដាក់សារធាតុគីមីបូរ៉ាក់ងៀតបបែលពពុះសណ្តែក និងផ្សព្វផ្សាយ អនុក្រិត្យលេខ ផលិតផល ចិញ្ចឹមទារក និងកុមារ លើសំបកវ៉ិចខ្ចប់ម្សៅទឹកដោះគោនៅក្រុងស្វាយរៀង។ការចុះអនុវត្តការងារត្រួតពិនិត្យនេះធ្វើឡើងក្រោមការដឹកនាំពីលោកផឹងនិលប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងលោកសរសុដានីអភិបាលរងតំណាងលោកអភិបាល​ក្រុងស្វាយរៀងនិងមន្ត្រីមន្ទីពាណិជ្ជកម្មខេត្តនៅព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២០ស្ថិតនៅផ្សារវាលយន្តនិង អាជីវករលក់ដូរក្នុងមន្ទីពេទ្យខេត្តស្វាយរៀង ។

លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានអោយដឹងថាលោកបានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវ៉ិចខ្ចប់ស្រាប់ នៅពេលនេះគឺតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងមន្ទីពេទ្យនិង ផ្សារវាលយន្តទីរួមខេត្តស្វាយរៀង។

ដោយសកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ២៦ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

លោកបន្តថាជាលទ្ធផលក្រោយការចុះអនុវត្តការងារ  មន្ត្រីជំនាញយើងបានរកឃើញទំនិញមានដាក់សារធាតុគីមីបូរ៉ាក់ដូចជា ងៀតបបែលចំនួន៧គីឡូ និងពពុះសណ្តែកចំនួន៥គីឡូ ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។

ទន្ទឹមនឹងនោះលោកក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។ បន្ទាប់មកមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង បានធ្វើការផ្សព្វផ្សាយ អនុក្រិត្យលេខ ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និង កុមារ លើសំបកវ៉ិចខ្ចប់ម្សៅទឹកដោះគោផងដែរ ។