ភ្នំពេញ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី ៣ ធ្វើការឃាត់ខ្លួនក្រោយគេធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១៥ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ខែតុលាឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវបេតុងស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី 1 ឈ្មោះហៃ ណាវុធ អាយុ ៣៨ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ។ ទី ២ ឈ្មោះចាន់ មករា អាយុ២៨ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ ។ ទី៣ ឈ្មោះ ហៃ ណាវុធ ហៅ(អាស៊ែ)ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះអ៊ន់ អង់ អាយុ៣១ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើ។

បើតាមសំដីជនរងគ្រោះបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់បានចេញមកពីធ្វើការហើយមកដល់​ជួលទុកម៉ូតូនៅមុខបន្ទប់ដោយចាក់សោរក ហើយចាក់សោជន្ទល់ក៏បានចូលទៅមុជទឹក ពេលដែលមុជទឹករួចគាត់ក៏បានមកមើលម៉ូតូស្រាប់តែអត់ឃើញពេលនោះគាត់បានស្លៀកកន្សែងស្រែកហៅអ្នកដែលនៅក្បែរគ្នាអោយយកម៉ូតូជិះជូនគាត់ដើររកស្រាប់តែប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួននៅម្ដុំលោក៥ ក៏ស្រែក​ថាចោៗផ្អើលដល់ប្រជាពលរដ្ឋ ស្របពេលនោះកម្លាំងគោបាលរដ្ឋបាលស្ទឹងមានជ័យទី៣ កំពុងតែជិះម៉ូតូល្បាតក៏ឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់យកមកសួរនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៣នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយពួកគេឃើញម៉ូតូរបស់ជនរងគ្រោះចាក់សោទុកនៅមុខបន្ទប់ ពេលនោះពួកគេក៏បានចូលទៅសែងម៉ូតូរបស់ជនរងគ្រោះបានប្រហែលជា ១០ម៉ែត្រហើយក៏បានដោះកុងទ័រដើម្បីបញ្ឆេះ នឹងកាច់បំបាក់សោជន្ទល់ដើម្បីជិះបម្រុងយកទៅលក់តែក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាប់បានតែម្តង។បច្ចុប្បន្នជនសង្ស័យទាំង០៣ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី ៣កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនិតិវិធី។